ព័ត៌មានទាន់ហេតុការណ៍៖

ករណីផ្ទុះអាវុធនៅភូមិកោះក្អែកតាមពិតគឺជារឿងដេញបង្ក្រាបបទល្មើសនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាណូត១គ្រឿងធ្វើដំណើរដោយមនុស្ស៥នាក់ ក្នុងនោះមានទាហាន២នាក់ នៃអគ្គក្រសួងការពារជាតិ រួមជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាល ២ធ្នូ ប្រដាប់ដោយអាវុធអាការស្វ័យបត់២ដើម​​ ខណៈកំពុងធ្វើដំណើរនៅលើផ្ទៃទឹកនោះបានពើបប្រទះនឹងបទល្មើសនេសាទនៅកណ្តាលទន្លេដោយប្រើប្រាស់អួនកែច្នៃនេសាទខុសច្បាប់។

ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ករណីខាងលើនេះ ក្រុមទាហាននិងអង្គការក្រៅរដ្ឋាភិបាល ដោយមិនបង្អង់យូរក៏បានបង្ក្រាប ប៉ុន្តែអ្នកនេសាទខុសច្បាប់ដែលជាជនជាតិវៀតណាមនោះបានរត់គេចខ្លួនតាំងពីកណ្តាលទន្លេសាបរហូតដល់ ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅវេលាម៉ោងប្រមាណ១០និង៥០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែផ្ទុះអាវុធកើតឡើងតែម្តងប្រមាណ៤គ្រាប់ បណ្តាលឲ្យអ្នកនេសាទល្មើសច្បាប់ម្នាក់​រងរបួសបៀមគ្រាប់កាំភ្លើងតែម្តង ហើយត្រូវបញ្ជូនភ្លាមៗផងដែរទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ដើម្បីសង្គ្រោះនិងព្យាបាល។ ប៉ុន្តែខណៈមកដល់ទីនេះ ក្រុមគ្រូពេទ្យមិនហ៊ានវះកាត់យកក្បាលគ្រាប់ចេញនោះឡើយ ហើយសម្រេចបញ្ជូនបន្តមកកាន់មន្ទីរពេទ្យនៅឯក្រុងភ្នំពេញ។ ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ហោ យ៉ាំងទឹង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម ។

ដោយឡែកក្រុមខ្មាន់កាំភ្លើង បន្ទាប់ពីធ្វើសកម្មបាញ់ប្រហារដោយគេនៅមិនទាន់ដឹងពីមូលហេតុអ្វីឲ្យច្បាប់ប្រាកដនោះ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ។ ប្រភពពីវរៈសេនីយ៍ត្រី មោល សុទ្ធ បានបង្ហើបថា ជនសង្ស័យខ្មាន់កាំភ្លើងបានរត់គេចខ្លួនចូលទៅដល់ទឹកដីខេត្តកំពង់ធំ ហើយបានត្រឡប់មកកាន់ព្រំប្រទល់ខេត្តពោធិ៍សាត់ នឹងខេត្តកំពង់ឆ្នាំង ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ៕ ប៉ឹម ពិន

 

 


ចែករំលែក៖