ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ចឹង​ សុចន្ថា​ អភិបាល​រង​ខេត្ត​មណ្ឌលគីរី​ ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​​នៅ​តំបន់​អូរ​ហ៊ុច​ ពុំ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​រង​ ឃាត់ខ្លួន​ទេ​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ ងិន​ ពេជ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុំ​បាន​ឃាត់ខ្លួន​លោក​ ចឹង​ សុចន្ថា​ អភិបាល​រង​ខេត្ត​មណ្ឌលគីរី​ ទេ​ បន្ទាប់​ពី​ចូល​បំភ្លឺ​កាលពី​រសៀល​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ​ ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​អូរ​ហ៊ុច​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹង​ថា​ ក្រោយ​ការ​សាកសួរ​លោក​ព្រះ​រាជ​អាជ្ញា​រង​ ងិន​ ពេជ​ អនុញ្ញាត​ឱ្យ​លោក​ ចឹង​ សុចន្ថា​ ត្រឡប់​ទៅ​វិញ​ ដោយ​បន្ត​នីតិវិធី​ កោះហៅ​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ចូល​បំភ្លឺ​នា​ពេល​ក្រោយ​ ។

ករណី​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អូរ​ហ៊ុច​ គឺ​ មាន​ក្រឡា​បញ្ជី​សាលា​ដំបូង​ខេត្ត​មណ្ឌលគីរី​ មួយ​រូប​ ជា​អ្នក​សម្របសម្រួល​ក្នុង​ការ​ចាត់ចែង​ជាមួយ​អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​ ដើម្បី​ឱ្យ​ការ​ប្រព្រឹត្ត​បទល្មើស​ អាច​ទៅ​ដោយ​រលូន​។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ លោក​ ចឹង​ សុ​ចន្ថា​ ត្រូវបាន​កោះហៅ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ “ឆ្លងដែន​ខុសច្បាប់​ ប្រមូល​ ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​របស់​រដ្ឋបាល​ព្រៃឈើ​ ការ​នាំ​ចេញ​ឈើ​ទៅ​បរទេស​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ និង​ មិន​ប្តឹង​បរិហារបទ​ឧក្រិដ្ឋ​ ឬ​ មជ្ឈិម​ដោយ​អ្នក​រាជការ​សាធារណៈ​ “​ ។

មជ្ឈដ្ឋាន​មួយ​ចំនួន​ ដឹង​ច្បាស់​ថា​ តំបន់​ច្រក​របៀង​អូរ​ហ៊ុច​ជា​តំបន់​នាំ​ឈើ​ខុសច្បាប់​ទៅ​កាន់​ប្រទេស​វៀតណាម​ យ៉ាង​ល្បី​ល្បាញ​ ហើយ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ថែម​ទៀត​ផង​។

កន្លង​មក​ នាយ​ឧត្ដមសេនីយ៍​ សៅ សុខា អគ្គមេបញ្ជាររងកងយោធពលខេមរភូមិន្ទ​ និង​ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រម​ទាំង​ជាប្រធាន​គណៈ​កម្មាធិការជាតិ​បង្ក្រាបបទល្មើសធនធានធម្មជាតិ តែងតែ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ទាំង​នេះ​ តែ​ឈ្មួញ​ទុច្ចរិត​រួម​គំនិត​ជា​មួយ​អាជ្ញាធរ​ នៅ​តែ​លួច​លាក់​ប្រព្រឹត្ត​បទល្មើស​ដដែល​។

គួររំលឹកថា​ កាលពីព្រលឹមស្រាងៗព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបទីតាំងកាប់ផ្តួលរលំឈើហ៊ុប នៅតំបន់អូរហ៊ុច ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបទល្មើសជាក់ស្តែង ពីសកម្មភាពជនជាតិវៀតណាមដឹកជញ្ជូនឈើឆ្លងទៅវៀតណាម។ ក្នុងនោះឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងចាប់យករថយន្តបាកុង៨គ្រឿងទៀតផង ជាមួយឈើហ៊ុបជិត១០០កំណាត់។

បច្ចុប្បន្នក្រៅពីដកតំណែង មានថ្នាក់ដឹកនាំនិងសមត្ថកិច្ចខេត្តមណ្ឌលគិរីជាច្រើនជាប់ពាក់ព័ន្ធនិងបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច កំពុងដំណើរការនីតិវិធីដោយសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីប្តូរសមត្ថកិច្ចតុលាការពី សាលាដំបូងខេត្តមណ្ឌលគិរីមកនោះ៕ ចេស្តា​


ចែករំលែក៖