ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ រួមនឹងមិត្តភក្តិបាននាំគ្នាផឹកស្រា តាំងពីព្រឹករហូតដល់ស្រវឹងរៀងៗខ្លួន ក៏បែកគំនិតនាំគ្នាចុះរាវខ្យងក្នុងត្រពាំងក្រោយផ្ទះ ដើម្បីយកមកក្លែមបន្ត ចុងក្រោយបែរជាលង់ទឹកស្លាប់ទៅវិញ ។
ករណី លង់ទឹកស្លាប់ខាងលើ បានកើតឡើងកាលពីម៉ោង២ និង២០នាទីរសៀល ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស.២០១៧ ស្ថិតក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះមុត ទិត្យ ភេទ ប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
គ្រួសារសពបាន ឲ្យដឹងសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានដើរទៅផឹកស្រានៅផ្ទះមិត្តភក្តិក្នុងភូមិ លុះផឹកស្រវឹងហើយ ក៏អស់សាច់ក្លែមពេលនោះ ក៏បែកគំនិតចង់ហូបសាច់ខ្យងក៏បានដើរត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះ ជនរងគ្រោះបានដើរចុះក្នុងត្រពាំងខាងក្រោយផ្ទះ ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រ ដើម្បីរាវខ្យងយកទៅក្លែមបន្តទៀត ចៃដន្យ ក៏បានលង់ទឹកស្លាប់បាត់តែម្តង។
ដោយឡែកមិត្តភក្តិជនរងគ្រោះ ក្រោយបាត់ជនរងគ្រោះយូរពេក ក៏នាំគ្នាមកតាមរក ពេលនោះក្រុមគ្រួសារបានប្រាប់ថា ឃើញគាត់ដើរទៅត្រពាំង ទឹកក្រោយផ្ទះដោយប្រាប់កូនចៅថា ចុះរាវខ្យងយកទៅធ្វើសាច់ក្លែមបន្ត។
ប្រភពបន្តទៀតថា ក្រោយដឹងថា ជនរងគ្រោះទៅរាវខ្យង ក៏នាំគ្នាថា ទៅជួយរាវដែរ តែពេលទៅដល់គ្រប់គ្នាក៏ប្រទះឃើញជនរងគ្រោះ លង់ទឹកស្លាប់ក្នុងទឹកត្រពាំងបាត់ទៅហើយ។
ក្រោយប្រទះឃើញសាកសព មិត្តភក្តិ និងក្រុមគ្រួសារ បានចុះស្រង់សពចេញពីទឹក រួចទាក់ទងសមត្ថកិច្ចឲ្យចុះមកពិនិត្យសព។ ក្រោយសមត្ថកិចហពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយការលង់ទឹកប្រាកដមែន គឺ មិនពាក់ព័ន្ឋបទល្មើស ទើបប្រគល់សពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ សេនាស័ក្តិ