ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ចោទប្រកាន់​កូនប្រុស​រដ្ឋលេខាធិការ​ ករណី​បាញ់​នៅ​រ៉ុក​ ,​ សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖ ​កូន​ប្រុស​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ អធិការ​កិច្ច​ នៅ​ថ្ងៃ​ពុធ​ ៣រោច​ ឆ្នាំ​រកា​ នព្វ​ស័ក​ ពុទ្ធ​ស័ក​រាជ​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៧នេះ​ ត្រូវ​បាន​លោក​ហ៊ឹង​ ប៊ុន​ថន​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ ពាក់ព័ន្ធ​ការ​បាញ់​បណ្តាល​ឱ្យ​បុរស​ម្នាក់​របួស​ធ្ងន់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ។​ រីឯ​បក្ខពួក​ពីរ​នាក់​ទៀត​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ ។

មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ កូន​ប្រុស​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការ​កិច្ច​ រូប​នេះ​ឈ្មោះ​ ឌុច សុវណ្ណារ៉េត ហៅ រិទ្ធញាញ់​ កំពុង​រត់​គេច​ខ្លួន​ និង​ បក្ខពួក​ពីរ​នាក់​ទៀត​ឈ្មោះ​ កែវ​ ភិរម្យ​ និង​ ឈ្មោះ​ ឡ​ ពេជ្រ​សីលា​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​”ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​”តាម​មាត្រា​២១៨នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីបាញ់ប្រហារមួយ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាល​ឱ្យ​ជនរងគ្រោះម្នាក់រងរបួសធ្ងន់ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

សមត្ថកិច្ចបាននិយាយថា ជនបង្កឈ្មោះ ឌុច សុវណ្ណារ៉េត ហៅ រិទ្ធញាញ់ជាកូនប្រុសរបស់ លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ពរឹទ្ធសភា និងអធិការកិច្ច។ ចំណែកជនរងគ្រោះឈ្មោះ បៀ សំអឿន អាយុជាង៣០ឆ្នាំ ជា Dj ប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលត្រូវរបួសត្រូវកំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់

ក្រោយកើតហេតុនេះ នៅថ្ងៃទី០១​ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់ខ្លួន បក្ខពួកជនដៃដល់២នាក់ ដែលបានរត់គេចខ្លួន ដល់ខេត្តកំពង់ធំ ខណៈដែលជនដៃដល់ក្នុងការបាញ់ប្រហារនេះ នៅមិនទាន់ចាប់ខ្លួន បាននៅឡើយទេ រហូតមកដល់ពេលនេះ៕ ចេស្តា​


ចែករំលែក៖