ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសប្រុសស្រី២នាក់ បើកម៉ូតូធំបុករថយន្តម៉ាកសាំយ៉ុង ពេញទំហឹងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះចរាចរមួយបានកើតឡើង រវាងម៉ូតូធុនធំបុកគ្នាជាមួយរថយន្ត បណ្ដាលឲ្យជនជាតិបរទេសប្រុសស្រី២នាក់ របួសធ្ងន់ បន្ទាប់ពីបុរសជនជាតិបរទេសបានបើកម៉ូតូលឿនដូចហោះ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹងតែម្តង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ម៉ូតូរងគ្រោះម៉ាកBAJA ធុនធំ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1k-3293 ជិះគ្នា២នាក់ជាជនជាតិបរទេសប្រុសស្រី ។ចំណែករថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២AI-1192 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាម្នាក់ ក្រោយកើតហេតុរត់គេចខ្លួនបាត់ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញា ដោយធ្វើដំណើរពីត្បូងទៅជើង លុះបើកមកស្តុបត្រង់ចំណុចកើតហេតុ បានបត់ឆ្វេង ខណះនោះ ស្រាប់តែម៉ូតូធុនធំ១គ្រឿង បើកបរដោយបុរសជនជាតិបរទេសម្នាក់ និងរួមដំណើរដោយនារីម្នាក់ ធ្វើដំណើរបញ្រ្ចាសទិសគ្នាក្នុងល្បឿនលឿន មកដល់ហើយចាប់ហ្វ្រាំងមិនទាន់ក៏ ជ្រុលបុកចំពីមុខរថយន្តពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរទាំង២នាក់ របួសធ្ងន់ភ្លាមនោះ ត្រូវបានរថយន្តសាំមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង។ ដោយឡែកអ្នកបើកបររថយន្តឃើញសភាពការណ៍មិនស្រួល ក៏ចុះពីរថយន្តរត់គេចខ្លួនបាត់តែម្តង ។

ក្រោយកើតហេតុ នគរបាលចរាចរណ៍បានចុះមកធ្វើការវាស់វែង រួចយកម៉ូតូនិងរថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករង់ចាំម្ចាស់ចូលមកដោះស្រាយគ្នាតាមនីតិវិធី ៕ ស តារា


ចែករំលែក៖