ខេត្តស្វាយរៀង៖ អ្នកចំរៀងម្នាក់ឈ្នោះទេស សូនី ហៅ វ៉យ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុស្វាយរៀង បានទទួលមរណភាពនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយជំងឺ គ្រុនឈាមតំណាក់កាលទី ៣ ។
បើតាមលោកគ្រូពេទ្យម្នាក់ធ្វើការនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បាន បង្ហើបឲ្យដឹងថា ជនរងគ្រោះឈ្មោះទេស សូនី នេះមានជំងឺគ្រុនឈាមតំណាក់កាលទី៣ គឺ ជនរងគ្រោះមានជំងឺធ្ងន់ធ្ងរ ហើយទើបក្រុមគ្រួសារ យកមកមន្ទីរពេទ្យដើម្បីសង្គ្រោះ ក៏ប៉ុន្តែជំងឺធ្ងន់ធ្ងរហួសពេលទៅហើយ គ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ហើយបានស្លាប់ពេលមកសម្រាកព្យាបាលរយៈពេល០៥ម៉ោងនៅក្នុងមន្ទីរពេទ្យ។
ទាក់ទិនករណីអ្នកចំរៀងមានជំងឺគ្រុនឈាមស្លាប់នេះដែរ លោកឡៅ សុភាព ម្ចាស់ក្រុមតន្ត្រី ឡៅសុភាព បានឲ្យដឹងថា លោកទេស សូនី មានជំងឺ ក្តៅខ្លួន ស្ទិញ និងឈឺរឹតរួតរាង្គកាយទន់ដៃទន់ជើងអស់កម្លាំងរយៈពេលបីបួនថ្ងៃមកហើយ ក៏ប៉ុន្តែជនរងគ្រោះនិកស្មានថាគ្រាន់តែជាជំងឺផ្តាសាយធម្មតា ទើបគ្រាន់តែឲ្យកូនទិញថ្នាំលេបនៅផ្ទះប៉ុណ្ណោះ ក៏ប៉ុន្តែដូចជាមិនធូរស្រាលទេ មានអការៈក្តៅត្រជាក់ៗ និងឈឺរឹតរួតក្នុងរាង្គកាយ អស់កម្លាំងខ្លាំង ហើយនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ស្រាប់តែមានឈាមហូរតាមជើងធ្មេញ ខណៈនោះ ប្រពន្ធកូនក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាល លុះម៉ោងប្រមាណ ជា៨ព្រឹក ក្រុមគ្រូពេទ្យបានពិនិត្យនិងជោះឈាម ទៅពិនិត្យ ហើយគ្រូពេទ្យបានឲ្យក្រុមគ្រួសារយកជនរងគ្រោះទៅផ្ទះវិញហើយប្រាប់ថា រង់ចាំមើលលទ្ធផលឈាមនៅវេលាម៉ោង១រសៀល លុះដល់ម៉ោង២រសៀល ស្រាប់តែក្អួតឈាមចេញតាមមាត់តែម្តង ។
ខណៈប្រពន្ធកូនឃើញប្តី ឃើញឪពុកក្អួតឈាមទើបភ័យ នាំគ្នាដឹកជនរងគ្រោះតាមម៉ូតូមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះក្រុមគ្រូពេទ្យបាននិយាយថា ចង់ហួសពេលហើយ គ្រុនឈាមធ្ងន់ធ្ងរតំណាក់កាលទី៣ ពិបាកជួយសង្គ្រោះខ្លាំងណាស់ ចូលសម្រាកព្យាបាលបានរយៈពេល៥ម៉ោង ក៏បានដាច់ខ្យល់ស្លាប់តែម្តង៕ យឹម សុថាន