ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកគោយន្តបុកស្លាកសញ្ញាចរាចរណ៍រងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ បានរងរបូសធ្ងន់ស្រាល បន្ទាប់ពីបើកគោយន្តទៅបុកស្លាកសញ្ញាចរាចរណ៍ ខណៈពួកគេស្រវឹងស្រាវជោកជាំ។

ក្រោយកើតហេតុ សមត្ថកិចហចបានធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទាំង២ទៅកាន់មន្ទីរពេទ្យបង្អែកដើម្បីជួយសង្រ្គោះផងដែរ រីឯវត្ថុតាង សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ករណីគ្រោះថ្នាក់ចរចរណ៍នេះកើតឡើងកាលពី ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង០៥នាទី លើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ត្រង់ ចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឱរ៉ាល់បានប្រាប់ថា តាមការសាកសួរសាក្សីដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ ជិះគោយន្តបើកយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច លុះដក់ចំណុចកើតហេតុគោយន្តនោះបានរេចង្កូតទៅបុកស្លាកសញ្ញាចរាចរណ៍ (ហាមស៊ីផ្លេរ) បណ្តាលឲ្យបាក់ដាច់ ហើយធ្លាក់មនុស្សបណ្តាលឲ្យរងរបួសទាំង២នាក់់់់តែម្តង។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។

ជនរងគ្រោះទាំង២នាក់ត្រូវបានស្គាល់មានឈ្មោះ (អ្នកបើកបរគោយន្ត )ហន ហៀង ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិស្រែវៀន ឃុំសង្កែសាទប និងអ្នករួមដំណើរឈ្មោះ ចាំ វាសនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្លូវគោ ឃុំត្រពាំងជោ រងរបួសស្រាល បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពជាស៊ីមឱរ៉ាល់។

សមត្ថកិច្ចបានសន្និដ្ឋានថាករណីនេះបណ្តាលមកពីអ្នកបើកបរគោយន្តស្រវឹង ទើបជួបហេតុការណ៍អាក្រក់បែបនេះ។

ចំពោះវត្ថុតាងគោយន្ត និងស្លាកសញ្ញាត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងកំពុងកសាងតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖