នៅពេលដែលទណ្ឌិត សម រង្ស៊ី ខំនិយាយបន្តុះបង្អាប់ប្រទេសខ្លួនឯងគ្រប់ម៉ាត់ ដោយ ព្យាយាម ជាន់ពន្លិចប្រទេសជាតិឲ្យធ្លាក់ក្នុងសភាពខ្មៅងងឹត ហើយមិនព្រមបើកភ្នែកមើល វឌ្ឍនភាពដ៏គួរឲ្យស្ងប់ស្ងែងរបស់ប្រទេសមួយក្រោយងើបចេញពីភាពខ្ទេចខ្ទាំនោះ បែរជាអ្នក កាសែតបរទេសមើលឃើញនូវវឌ្ឍនភាពយ៉ាងខ្លាំងរបស់កម្ពុជាទៅវិញ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បារាំងកាលពីថ្មីៗកន្លងទៅ អ្នកកាសែតបារាំងម្នាក់ក្នុង ចំណោម៣នាក់ដែលផ្តុំគ្នាចោទសួរទណ្ឌិត សម រង្ស៊ី បានលើកសំណួរថា «សម រង្ស៊ី តើបក្ស ប្រឆាំងមានអ្វីយកទៅឃោសនាទាក់ទាញប្រជាពលរដ្ឋខ្មែរទៅបើទីបំផុតទៅ ប្រទេសកម្ពុជាមាន អត្រាអ្នកចេះអក្សរក៏ខ្ពស់ អតិផរណាក៏គ្មាន អត្រាអត់ការងារធ្វើក៏ទាប ហើយកំណើនសេដ្ឋកិច្ចវិញ គឺមានដល់ទៅ ៦ ឬ៧ ភាគរយឯណោះ?»
សំណួរនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងល្អពីស្ថានការណ៍ពិតនៅកម្ពុជា និងជាការចំអកឲ្យ មេដឹកនាំបក្សប្រឆាំងដែលគិតតែពីប្រឆាំងផ្កាប់មុខងើបមិនរួច ប្រឆាំងដាច់ក្បាលដាច់កន្ទុយ ប្រឆាំងរហូតទាល់តែរលាយគណបក្សខ្លួនឯង។ សំណួរដ៏មុតស្រួចនេះធ្វើឲ្យទណ្ឌិត សម រង្ស៊ី ក្តៅចុងច្រមុះយ៉ាងខ្លាំង តែមិនហ៊ានត្រឡោតទេពីព្រោះគាត់ដឹងច្បាស់ថា អ្នកកាសែតបរទេសគេ ស្គាល់កម្ពុជាច្បាស់ជាងគាត់។ សម រង្ស៊ី ខំសម្រួលឥរិយាបថ ដោយបដិសេធការលើកឡើងរបស់ អ្នកកាសែតបារាំងយ៉ាងសុភាព តែគ្មានភស្តុតាង ឬទឡ្ហីករណ៍អ្វីមកបង្ហាញឡើយដោយគ្រាន់តែ ថា អត្រាអត់ការងារធ្វើនៅកម្ពុជាខ្ពស់ តែគ្មានអ្វីមកធ្វើអំណះអំណាងទាំងអស់។ នេះសបញ្ជាក់ថា អ្នកនយោបាយប្រឆាំងដល់ឆ្អឹងរូបនេះ មិនចេះអ្វីក្រៅតែពីនិយាយបង្ខូចបង្កាច់សភាពការណ៍ពិត នៅកម្ពុជាមិនថានៅចំពោះមុខពលរដ្ឋខ្មែរខ្លួនឯងឬនៅចំពោះមុខសហគមន៍អន្តរជាតិ និងអ្នក កាសែតបរទេសឡើយ។ ប៉ុន្តែ គាត់ភ្លេចគិតថា បរទេសខ្លះស្គាល់ប្រទេសកម្ពុជាច្បាស់ជាងគាត់ ទៅទៀត។
ជាការពិត ប្រទេសកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុធំៗក្នុងពិភពលោកដូចជាធនាគារ អភិវឌ្ឍន៍អាស៊ី ឬឱ្យធនាគារពិភពលោកជាដើម ចាត់ទុកថាជាប្រទេសដែលមានជោគជ័យខ្លាំង ជាងគេ មួយក្នុងលោកក្នុងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាជាប្រទេសដែលមានការអភិវឌ្ឍ លឿនរហ័សដែលនឹកស្មានមិនដល់បើធៀបនឹងអតីតកាលរបស់ខ្លួន។ ប៉ុន្តែ ជោគជ័យទាំងនេះ មិនបានធ្វើឲ្យបក្សប្រឆាំងអបអរទេ ផ្ទុយទៅវិញ ពួកគេបែរជាភ័យស្លន់ស្លោព្រោះពួកគេយល់ថា ខ្លួនគ្មានអ្វីឃោសនារកការគាំទ្រទេប្រសិនបើទុកឲ្យប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ទទួលស្គាល់ការពិតទាំងនេះ។
ដូច្នេះហើយបានជាបេសកកម្មរបស់ពួកប្រឆាំង គឺផ្តោតខ្លាំងទៅលើការបំផ្លាញសមិទ្ធផល របស់រាជរដ្ឋាភិបាល និងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ឲ្យយល់ខុសពីកម្ពុជា។ ខុសពី បក្សប្រឆាំងក្នុងបណ្តាប្រទេសមួយចំនួនដែលគេខិតខំប្រណាំងប្រជែងធ្វើល្អ កសាងសមិទ្ធផល និងបង្ហាញគោលនយោបាយល្អៗដល់ប្រជាជនដើម្បីទាក់ទាញការគាំទ្រ បក្សប្រឆាំងនៅកម្ពុជា ខិតខំជាន់ពន្លិចសមិទ្ធផលរបស់បក្សកាន់អំណាច ខិតខំលាបពណ៌ឲ្យប្រទេសជាតិស្រអាប់ ឬខ្មៅ ងងឹតដើម្បីឲ្យខ្លួនឯងមានពាក្យនិយាយវាយប្រហារគេតែប៉ុណ្ណោះ។ បើខ្លួនឯងខ្មៅហើយមិនគិត ខំកែខៃឲ្យទៅជាស តែបែរជាខិតខំយកថ្នាំពណ៌ទៅលាបឲ្យគេដើម្បីឲ្យខ្មៅជាងខ្លួនទៅវិញ។ នេះ ជាចរិតពួកប្រឆាំងដូចជា សម រង្ស៊ី កឹមសុខា និងបក្សពួកដែលបាននិងកំពុងធ្វើរហូតមក។
នៅពេលដែលពួកគេចាញ់ការបោះឆ្នោត ពួកគេមិនទទួលស្គាល់ថា ខ្លួនមានអ្នកគាំទ្រតិច ទេ តែបែរជាកាឡៃទៅជាគេលួចបន្លំសន្លឹកឆ្នោតទៅវិញ។ ជាក់ស្តែង នៅពេលចាញ់ការបោះឆ្នោត សភាឆ្នាំ ២០១៣ ពួកគេឡាំប៉ាដោយមួលបង្កាច់ថា គេលួចសន្លឹកឆ្នោត រួចហើយដឹកនាំចលនាតវ៉ា បង្កភាពអនាធិបតេយ្យពេញប្រទេស ធ្វើឲ្យបញ្ហានយោបាយជាប់គាំងពេញមួយឆ្នាំ។ រោងចក្រ មួយចំនួនរួមទាំងទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនត្រូវបានបំផ្លាញដោយក្រុមកុប្បកររបស់ពួក ប្រឆាំង។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅក៏បក្សប្រឆាំង មិនទទួលស្គាល់ថាខ្លួនឯងខ្សោយដែរ តែបែរជាទម្លាក់កំហុសទៅលើបរិយាកាសបោះឆ្នោត ដោយពិពណ៌នាថា ជាការបោះឆ្នោតមួយយ៉ាងអាក្រក់ក្នុងបរិយាយាកាសគំរាមកំហែង ខណៈ ដែលសហភាពអឺរ៉ុបបានទទួលស្គាល់យ៉ាងចំហរថា នោះជាការបោះឆ្នោតប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងត្រឹមត្រូវដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ។
នៅពេលដែលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការចោទប្រកាន់ពីបទល្មើស យ៉ាងធ្ងន់ធ្ងរណាមួយពួកប្រឆាំងមិនដែលទទួលស្គាល់ថាខ្លួនមានកំហុសទេ តែបែរជាចោទអ្នក អនុវត្តច្បាប់ថា ធ្វើទុក្ខបុកម្នេញទៅវិញ។ ពួកគេជំនាញណាស់ក្នុងការកាឡៃរឿងព្រហ្មទណ្ឌឲ្យទៅ ជារឿងនយោបាយ។ ពួកគេពូកែ Drama រឺ ដើរតួកំសត់ណាស់ ដើម្បីទាក់ទាញការអាណិតអាសូរ។ ពួកគេក៏មានជំនាញច្បាស់លាស់ណាស់ដែរខាងលេងប៉ាហ៊ីបន្លំភ្នែកគេ។ អ្នកនយោបាយចង្រៃ ដូច សម រង្ស៊ី និងបក្សពួកមិនគ្រាន់តែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ តែថែមទាំងពូកែ តែខាងបំផ្លាញ។ ទៅដល់ទីណា អំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយ ឈប់ទិញផលិតផល សម្លៀកបំពាក់របស់កម្មករខ្មែរ។ ពួកគេសប្បាយណាស់នៅពេលឃើញប្រជាជនជួបការលំបាក ពីព្រោះនោះជាលេសរបស់ពួកគេដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។
គេប្រហែលជាពិបាក នឹងពិពណ៌នាអំពីចេតនាទុច្ចរិតរបស់ពួកប្រឆាំងនៅកម្ពុជាឲ្យអស់ ណាស់ ប៉ុន្តែគេពិតជាមិនពិបាកយល់ឡើយអំពីនយោបាយបែបក្តិចត្រួយរបស់ពួកប្រឆាំង។ នយោបាយស្មោគគ្រោកបែបនេះមិននាំជាតិឲ្យរីកចម្រើនទេ ហើយក៏មិនអាចរីកចម្រើនខ្លួនឯងដែរ ពីព្រោះតាមគន្លងព្រះពុទ្ធសាសនា អ្នកឲ្យទុក្ខដល់គេ ទុក្ខនោះនឹងផ្តល់ផលដល់ខ្លួនឯងវិញជា មិនខាន។ ពិតជាទាន់ហន់មែន អតីតបក្សប្រឆាំងរិះរកគ្រប់មធ្យោបាយ បំផ្លាញរាជរដ្ឋាភិបាលបក្ស កាន់អំណាច ឥឡូវបានបំផ្លាញខ្លួនឯងឲ្យរលាយរលត់ក្លាយជាផេះអស់រលីង។ ទោះជាបាបកម្ម តាមផ្តន្ទាជាក់ស្តែងបែបនេះក៏ដោយ ក៏ពួកប្រឆាំងដែលព្រះប្រោសមិនរួចទាំងអស់នោះ នៅតែ មិនភ្លឺភ្នែកឡើយ។ ពួកគេខំស្រែកឡែៗពីក្រៅប្រទេសមកថា ប្រជាធិបតេយ្យនៅកម្ពុជាស្លាប់ហើយ បើគ្មានពួកគេ។ ប៉ុន្តែ ពួកគេមិនដឹងទេថា ស្ថានភាពវាផ្ទុយពីនេះទៅវិញទេតើ។ គ្មានពួកចង្រៃ អស់ទាំងនេះ កម្ពុជាដូចជារួចផុតពីគ្រោះអាសន្ន ឬដូចធ្វើបុណ្យនិមន្តព្រះសង្ឃ៧វត្តមកស្រោចទឹក អញ្ចឹង។
ពីពេលនេះតទៅ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានពេលសម្រាប់គិតគូរពីការកសាង ប្រទេសជាតិ កសាងជីវភាពផ្ទាល់ខ្លួនច្រើនជាងមុនព្រោះអស់គណបក្សក្រឡុក។ បើទុកឲ្យពួក យក្ស មារ ទាំងអស់នោះបន្តនៅជ្រកក្រោមស្លាកគណបក្សនយោបាយ ក្រោមស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតទៅទៀត កម្ពុជាមិនបានសុខឡើយ ពីព្រោះមួយថ្ងៃៗគិតតែពីដោះស្រាយតែ រឿងនយោបាយ គឺប្រាកដជាគ្មានពេលធ្វើអ្វីផ្សេងឡើយ។
សរុបមកវិញ ទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ទាំងសហគមន៍អន្តរជាតិ និងអ្នកកាសែត បរទេសជាច្រើនសុទ្ធតែទទួលស្គាល់ស្ថានការពិតនៅកម្ពុជា។ គឺកម្ពុជាដែលកំពុងរស់ក្នុងសុខ សន្តិភាព និងការអភិវឌ្ឍ ដូច្នេះ ជម្លោះកំប៉ិកកំប៉ុកអង្ករកំប៉ុងដែលកំពុងកើតឡើងនៅកម្ពុជា មិនមែន ជារឿងសំខាន់របស់ពិភពលោកឡើយ ហើយរិតតែមិនមែនជារឿងសំខាន់សម្រាប់ប្រជាពលរដ្ឋ ខ្មែរទាល់តែសោះ។ ពិធីបុណ្យចូលឆ្នាំសកលជិតមកដល់ ពលរដ្ឋខ្មែរម្នាក់ៗកំពុងនាំគ្នាគិតថា តើ ត្រូវដើរកម្សាន្តនៅទីណាដែលសប្បាយ? អ្នកខ្លះមានផែនការចេញទៅកម្សាន្តតាមរមណីយដ្ឋាន នានា អ្នកខ្លះចេញទៅមាត់សមុទ្រ រីអ្នកខ្លះទៀតត្រៀមចេញដំណើរកម្សាន្តទៅក្រៅស្រុក គឺពួកគេ មិនបានខ្វល់ខ្វាយពីរឿងនយោបាយអត់ប្រយោជន៍ដូច សម រង្ស៊ី និងបក្សពួកដែលខំស្រែកឡែៗ គ្រាជិតដាច់ដង្ហើមនោះឡើយ៕ កូនខ្មែរ