ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលអនុវត្តដីកាចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ ធ្វើការបង្ក្រាបចាប់ខ្លួន ដោយអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត ដែលជនសង្ស័យទាំង២នាក់ខាងលើជាប់ពាក់ព័ន្ធថ្នាំញៀន ។ ករណីបង្ក្រាបចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមាន២នាក់ ទី១-ឈ្មោះ ម៉ាង សាមីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ និងទី២-ឈ្មោះ ណយ ធា ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជនត្រូវចោទទាំង២នាក់ខាងលើ មានទីលំនៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនទាំ២នាក់មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខលេខ៦៨៨ ដក.បនខ និងលេខ៦៩២ដកបនខ ចុះថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០១៧ ហត្ថលេខាដោយលោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។ ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់បានរត់គេចខ្លួនអស់ជាច្រើនខែ ។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានថា ជនត្រូវចោទខាងលើនេះកំពុងរស់នៅក្នុងមូលដ្ឋានភ្លាមនោះក៏សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ ចុះចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ត បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការបន្ត ៕ ស្អាងជ័យ


ចែករំលែក៖