ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកម្នាក់ឯងច្រានចោលសេចក្តីព្រាងច្បាប់ថ្មីស្តីពីតំបន់ហ្ស៊េរុយសាឡឹមរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

អាមេរិកបានប្រើប្រាស់សិទ្ធិច្រានចោលសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការស្នើដល់អាមេរិកឲ្យដកហូតការប្រកាសទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល។ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិចំនួន១៥ប្រទេស មាន១៤ប្រទេស គាំទ្រឲ្យអាមេរិកដកការប្រកាសរបស់ខ្លួនគឺមានតែអាមេរិកម្នាក់ឯងគត់ ដែលប្រឆាំងនឹងសកម្មភាពខាងលើ។

នៅក្នុងសេចក្តីព្រាងច្បាប់បានបញ្ជាក់ថា «ពិតជារឿងគួរឲ្យសោកស្តាយ ពីការសម្រេចនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក ក្នុងការទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល»។ នៅក្នុងសេចក្តីព្រាងច្បាប់របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា «រាល់ការសម្រេច និងសកម្មភាពណាមួយក្នុងការផ្លាស់ប្តូរទម្រង់ ឬភូមិសាស្ត្រ ក្នុងនោះមានហ្ស៊េរុយសាឡឹម គឺមិនមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់ គឺត្រូវតែលុបចោលទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ»។

បើទោះបីសេចក្តីព្រាងច្បាប់របស់អង្គការសហប្រជាជាតិមិនបានសម្រេចដោយសារតែការច្រានចោលរបស់អាមេរិកក្តី ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងអស់បានប្រឆាំងនឹងសកម្មភាពរបស់អាមេរិកស្តីពីហ្ស៊េរុយសាឡឹម។

កាលពីថ្ងៃទី៦ ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានកែប្រែគោលនយោបាយរបស់អាមេរិកជាច្រើនទសវត្សកន្លងមក ដោយទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អុីស្រាអែល។

ប្រទេសជុំវិញពិភពលោក ពិសេសគឺប្រទេសកាន់សាសនាអ៊ិស្លាមបានប្រឆាំងនឹងសកម្មភាពរបស់អាមេរិក ដោយហ្ស៊េរុយសាឡឹមជារបស់ប៉ាឡេស្ទីនមិនអាចប្រកែកបាន ហើយទីនោះមានទីសក្ការៈដ៏ស័ក្តិសិទ្ធរបស់ជនជាតិអ៊ិស្លាមតាំងពីយូរណាស់មកហើយ។

កន្លងមកប្រទេសអ៊ិស្លាមចំនួន៥៧ប្រទេស បានសម្រេចទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ប៉ាឡេស្សទីន។មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមួយចំនួនក៏មានគម្រោងប្តូរស្ថានទូតរបស់ខ្លួននៅប៉ាឡេស្ទីនទៅកាន់ទីនោះ ដូចអ្វីដែលអាមេរិកបានធ្វើការប្តូរស្ថានទូតនៅអុីស្រាអែលទៅកាន់ហ្ស៊េរុយសាឡឹមដូច្នេះដែរ។

ក្រោយអាមេរិកប្រកាសទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីអុីស្រាអែល អំពើហិង្សាបានកើនឡើង ដោយការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើទឹកដីអុីស្រាអែល។ ជាមួយគ្នានេះ អុីស្រាអែលក៏បានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងរបស់ក្រុមហាម៉ាស់ផងដែរ។

មន្ត្រីយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនទើបតែបានវាយប្រហារទៅលើទីតាំងហ្វឹកហ្វឺនរបស់ក្រុមហាម៉ាស់មួយ ក្នុងតំបន់ហ្គាហ្សា នៅថ្ងៃចន្ទមុននេះ ដើម្បីទុកជាការឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រ៉ុកែ្កតពីបរិវេណភូមិប៉ាឡេស្ទីន ដែលកញ្ជ្រោលខ្លំាងឡើងតាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡឹមថា ជារដ្ឋធានីប្រទេសអ៊ីស្រាអែល។

តាមសេចក្តីរាយការណ៍ គ្មានភាគីណាមួយបង្ហាញប្រាប់ថា មានអ្នករងគ្រោះក្នុងការបាញ់ប្រយុទ្ធគ្នាទាំងយប់នេះ ដែលកើតឡើងក្នុងពេលប៉ុន្មានថ្ងៃមុនអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ធ្វើដំណើរទស្សនកិច្ចប្រទេសអ៊ីស្រាអែល និងប្រទេសអេហ្ស៊ីប ដែលមានព្រំដែនជាប់តំបន់ហ្គាហ្សា និងមានពាក់ព័ន្ធក្នុងនយោបាយផ្ទៃក្នុង ។

យោងតាមប្រភពព័ត៌មានពីកាសែតរ៉យទ័រចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ យោធាអ៊ីស្រាអែលបាននិយាយថា មានរ៉ុកែ្កត២គ្រាប់ ត្រូវបានបាញ់នៅល្ងាចថ្ងៃអាទិត្យ គឺ១គ្រាប់ធ្លាក់ផ្ទុះនៅខាងក្នុងសហគមន៍ ព្រំដែនអ៊ីស្រាអែល និង១គ្រាប់ទៀត ធ្លាក់នៅទីទំនេរកណ្ដាលវាល ហើយក៏មានរ៉ុកែ្កត១គ្រាប់ផ្សេងទៀត បាញ់ក្នុងពេលព្រឹកថ្ងៃចន្ទ បានធ្លាក់ភ្លាមៗ នៅខាងក្នុងតំបន់ហ្គាហ្សា៕ ម៉ែវ សាធី


ចែករំលែក៖