ព័ត៌មានទាន់ហេតុការណ៍៖

បណ្តឹងសហជីពធំៗ១២០ប្តឹងលោក​ ជា​ មុនី​ តុលាការកំពុងចាត់ការ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីតុលាការ​ ថ្លែងថា​ លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ កំពុងចាត់ការបណ្តឹងព្រហ្មទណ្ឌ​ ដែលសហជីពធំៗចំនួន១២០​ បានប្តឹងលោក​ ជា​ មុនី​ អតីតប្រធានសហភាពសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា​ និង​ បច្ចុប្បន្ន​ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា​ ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះក្រុមសហជីពធំៗបានស្នើឱ្យតុលាការ ផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក។

ពាក់ព័ន្ធករណីនេះ​  លោក​ ដារ៉ា​ សុបញ្ញា​ មេធាវីតំណាងដោយអាណត្តិរបស់សហជីព​ ថ្លែងនៅព្រឹកថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០១៧​ នេះថា​បច្ចុប្បន្នសំណុំរឿងកំពុងស្ថិតក្រោមចំណាត់ការរបស់លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ដោយពុំទាន់កោះអញ្ជើញដើមបណ្តឹងចូលបំភ្លឺនៅឡើយទេ​ ។

ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើ សហភាព អឺរ៉ុប ដាក់ ទណ្ឌកម្មនេះរាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាក មករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយ គណបក្សប្រឆាំង។

ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មកររាប់លាននាក់និងបាត់បង់ការងារធ្វើ ។​ ក្នុងនោះផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ៕ចេស្តា


ចែករំលែក៖