ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីស៊ីឈ្នួលលាងចានឲ្យគេម្នាក់ត្រូវជនពាលសម្លាប់យ៉ាងសាហាវយង់ឃ្នងរួចទម្លាក់ចូលក្នុងលូទាំងអាក្រាតកាយ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីក្រីក្រស៊ីឈ្នួលលាងចានឲ្យគេតាមរោងការម្នាក់ សង្ស័យត្រូវក្រុមជនពាលចាប់រំលោភរួចសម្លាប់ កាលពីយប់វេលាម៉ោងប្រហែលជាង១០ ថ្ងៃទី២១ ខែធ្នូ ប៉ុន្តែទើបតែមានការភ្ញាក់ផ្អើលកាលពីព្រលប់ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីព្រលប់ នៅចំណុចប្រឡាយទឹកស្អុយ អមតាមផ្លូវលេខ៥៩៨ ជិតផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សាកសពជនគ្រោះឈ្មោះ ឈុន មុំសុខស៊ីវុត្ថា អាយុ២៨ឆ្នាំ (ស្ត្រីមេម៉ាយ)មានទីលំនៅ និងស្រុកកំណើត ភូមិព្រៃបាយ ឃុំព្រៃយុត្ឋការ ស្រុកកោះអណ្តែត ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិទំនប់ សង្កាត់ភ្នំពេះថ្មី ខណ្ឌសែនសុខ ដើម្បីមកស៊ីឈ្នួលលាងចានឲ្យគេតាមរោងការ។

ពាក់ព័ន្ឋការស្លាប់នេះ បើតាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននិយាយថា កាលពីវេលាម៉ោងប្រហែលជា១០យប់មិញនេះ(ថ្ងៃទី២១ ខែធ្នូ)ពួកគាត់បានឮសូរសម្លេងមនុស្សស្រីស្រែកឲ្យគេជួយបានមួយភ្លែត ក៏ស្ងាត់ឈឹង ដោយសារយប់ងងឹតមិនមានអ្នកណាហ៊ានទៅមើល។ មួយស្របក់ក្រោយមកដំណឹងនេះ បានដឹងដល់ថៅកែរបស់នាង ក៏បានចាត់ចែងមនុស្សនាំគ្នាមករកមើលនៅទីនោះដែរ តែរកមិនឃើញ។

លុះស្អែកឡើង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បាត់នាង ឈុន មុំសុខស៊ីវុត្ថា មិន ឃើញមកធ្វើការដូចសព្វដង រហូតដល់ពេលល្ងាច មានការសង្ស័យថា នាងអាចត្រូវគេចាប់រំលោភសម្លាប់ ក៏នាំគ្នាទៅរកមើលម្តងទៀតនៅត្រង់ចណុចដែលគេឮសម្លេងស្រែកនោះ ទើបប្រទះឃើញសាកសពរបស់នាងត្រូវគេសម្លាប់ទំលាក់ចូលលូក្នុងសភាពអាក្រាតកាយ។

ក្រោយពីសមត្ថកិច្ចផ្នែកកោសល្យវិច័យពិនិត្យរួចឃើញថា នាងរងគ្រោះមិនត្រូវគេរំលោភទេ ប៉ុន្តែវាជាករណីឃាតកម្មវាយសម្លាប់ដោយវត្ថុរឹង និងមានស្នាមរបួសនៅត្រង់ក្បាល និងក។ សមត្ថកិច្ចបានព្យាយាមប្រមូលវត្ថុតាងផ្សេងៗនៅកន្លែងកើតហេតុ ដើម្បីតាមចាប់ខ្លួនឃាតកយកមកផ្តន្ទាទោស៕ ដោយ៖ តុង សីហា


ចែករំលែក៖