ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌសែនសុខចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់ខ្នងផ្ទះ៣០គ្រួសារនៅសង្កាត់ក្រាំងធ្នង់

ចែករំលែក៖

ភ្នំពេញ៖ អធិការនគរបាលខណ្ឌសែនសុខ ចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់ខ្នងផ្ទះចំនួន៣០គ្រួសារ នៅសង្កាត់ក្រាំងធ្នង់ ដែលមិនតម្រូវឲ្យបង់ប្រាក់ឡើយ។

នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ និងលោកវរសេនីយ៍ត្រី សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខទទួបន្ទុកផ្នែកស្ថិតិ លោកស្រីអធិការង លោកនាយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ រួមនឹងមន្ត្រីនគរបាលក្រោមឱវាទមួយចំនួនទៀតបានចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់ខ្នងផ្ទះចំនួន៣០ក្បាល ស្មើនឹង៣០គ្រួសារដោយឥតគិតថ្លៃស្ថិតក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានធ្វើសៀវភៅស្នាក់នៅ សូមទាក់ទងទៅលោកមេភូមិ ឬនគរបាលមណ្ឌលដើម្បីយកឯកសារឲ្យបានគ្រាប់ៗគ្នា ព្រោះថាការធ្វើសៀវភៅនេះមិនតម្រូវឲ្យបង់ប្រាក់នោះទេ ហើយលោកបញ្ជាក់ថា សម្រាប់លោកជាអធិការដែលទើបតែមកកាន់តំណែងថ្មី នឹងខិតខំបម្រើកិច្ចការជួនបងប្អូនឲ្យបានល្អ ជាពិសេសរាល់ការស៊ីញ៉េលើឯកសារផ្សេងៗ។

ជាងនេះទៅទៀត លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយរាយការណ៍មកសមត្ថកិច្ចរបស់លោកផង ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ដើម្បីមានភាពងាយស្រួលឲ្យកម្លាំងលោកចុះបង្ក្រាប។

លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខបានផ្តាំផ្ញើដល់ បងប្អូនទាំងអស់ដែលមិនទាន់បានធ្វើសៀវភៅស្នាក់នៅ សូមទាក់ទងទៅលោកមេភូមិ ឬនគរបាលមណ្ឌលដើម្បីទទួលបានឯកសារធ្វើសៀវភៅស្នាក់នៅឲ្យបានគ្រប់ៗគ្នា ព្រោះថាការធ្វើនេះមិនតម្រូវឲ្យបង់ប្រាក់នោះទេ។

លោកអធិការរងបញ្ជាក់ថា អធិការដ្ឋានខណ្ឌសែនសុខនៅតែបន្តចុះធ្វើសៀវភៅស្នាក់នៅ និងចែកជួនបងប្អូនបន្តទៀត ហើយអ្នកដែលបានទទួលសៀវភៅនេះត្រូវរក្សាឲ្យបានត្រឹមត្រូវ ព្រោះថា វាមានសារសំខាន់ណាស់។

ក្នុងនាមលោកជាអធិការរងទទួលបន្ទុកផ្នែកស្ថិតិ និងអត្តសញ្ញាណប័ណ្ណ សូមឲ្យបងប្អូនទាំងអស់ដែលរស់នៅខណ្ឌសែនសុខដែលមិនទាន់ប្តូរសៀវភៅស្នាក់នៅមកពីខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោនោះ សូមអញ្ជើញមកប្តូរឲ្យបានគ្រប់ៗគ្នា ដោយភ្ជាប់មកនូវជាមួយឯកសារពាក់ព័ន្ធ ទៅជួបនឹងនគរបាលប៉ុស្តិ៍ដែលបងប្អូនរស់នៅ៕ តុង សីហា


ចែករំលែក៖