ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីក្រុមក្មេងស្ទាវមួយក្រុម មានគ្នា៦នាក់ ប្រដាប់ដោយដំបងមកវាយទៅលើក្រុមយុវជនមួយក្រុមទៀត ខណៈជិះម៉ូតូឌុបប្រពន្ធចេញពីធ្វើការមកឈប់មុខផ្ទះជួល បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកក្រុមបង្ក ក៏រងរបួសធ្ងន់វិញដែរ ហើយបានគេចខ្លួនបាត់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅផ្លូវលំ មុខផ្ទះលេខ១A. ភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ លុះព្រឹកឡើង ស្រាប់តែជនដៃដល់ដែលវាយជនរងគ្រោះឲ្យស្លាប់ពេលយប់នោះ និងរងរបួសដែរនោះ ស្រាប់តែមកដេកស្លាប់នៅក្នុងផ្ទះខ្លួនឯងដែរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
សពជនរងគ្រោះដែលបានស្លាប់នៅកន្លែងកើតហេតុឈ្មោះ ឈឿង សូរិយា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរលីសែង ទីលំនៅភូមិព្រៃគុយ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ ចោមចៅ១ខណ្ឌ ពោធិ៍សែនជ័យ។ ចំណែកអ្នករបួសឈ្មោះ នួន សុវណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្រូបង្រៀន នៅសំឡូត ខេត្តបាត់ដំបង។
ដោយឡែកភាគីខាងក្រុមបង្ក ស្លាប់ម្នាក់ ឈ្មោះ ជឿន មុន្នីរ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ មាទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកទើបដឹងថាស្លាប់ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះនួន សុវណ្ណះ នាំគ្នាផឹកស៊ីជាមួយបងប្អូននៅមុខផ្ទះរបស់ខ្លួនអស់ស្រាបៀរ៦កំប៉ុង ហើយឈ្មោះ នួន សុវណ្ណះ បានទូរសព្ទ័ហៅមិត្តភក្តិឈ្មោះឈឿង សូរិយា (សព) បានមួយសន្ទុះឈ្មោះឈឿង សូរិយា ក៏មកដល់ក៏ឡើងទៅផឹកស៊ីនៅលើបន្ទប់ផ្ទះជាន់ទី២ មានគ្នាចំនួន៨នាក់អស់ស្រាថ្នាំប្រហែល៦លីត្រជាង ពេលផឹកអស់ឈ្មោះ ឈឿង សូរិយា បានឲ្យឈ្មោះ នួន វណ្ណះ ជិះម៉ូតូមកឌុបជូនទៅបន្ទប់ជួលនៅខាងកើតភូមិទួលពង្រ រួចក៏នាំគ្នាទិញស្រាបៀរ៤កំប៉ុង ផឹកអស់ម្នាក់២ កំប៉ុងទៀត រហូតដល់ម៉ោង ២៣និង៣០នាទី ឈ្មោះនួន វណ្ណះ បានបបួលឈ្មោះឈឿង សូរិយា (សព) ឲ្យជូនទៅយកប្រពន្ឋនៅហាងតាម៉ាប់ នៅផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ រួចក៏ផឹកបន្តទៀតរង់ចាំប្រពន្ធចេញពីធ្វើការ លុះដល់ម៉ោង២៤.០០នាទីប្រពន្ឋរបស់ឈ្មោះនួន វណ្ណះចេញពីធ្វើការ ក៏នាំគ្នាទៅហូបបបរនៅផ្សារដើមគ ពេលហូបរួច ក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ ពេលជិះមកដល់ម្តុំរោងចក្រ និងផ្ទះជួលផ្សារទួលពង្រ ស្រាប់តែមានមនុស្សគប់ដបទឹកសុទ្ធមកលើខ្លួន ពេលនោះឈ្មោះ នួន វណ្ណះ ក៏បត់ម៉ូតូត្រឡប់ក្រោយមកសួរថា ហេតុអីបានជាគប់ខ្ញុំ ក៏ទំនាស់ពាក្យសំដីគ្នា ហើយឈ្មោះនួន វណ្ណះ ក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ ឈរលេងនៅមុខផ្ទះពេលនោះស្រាប់តែមានជនសង្ស័យមានគ្នា៥នាក់ ជិះមូតូ៣គ្រឿង (មួយគ្រឿងម៉ាកPCX ពណ៌សមិនចាំស្លាកលេខ និង២គ្រឿងទៀតមិនស្គាល់ម៉ាក) ប្រដាប់ដោយដំបងវាយមកលើជនរងគ្រោះបណ្តាលឲ្យស្លាប់ នឹងរបួស។ បន្ទាប់មកជនបង្កក៏បានគេចខ្លួនអស់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងពិនិត្យជាក់ស្តែងឃើញថា ជនរងគ្រោះស្លាប់ដោយសារបែកក្បាល ហើយបានប្រគល់ជូនក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
លុះព្រឹកឡើង ស្រាប់តែទទួលដំណឹងថា មានបុរសម្នាក់បានដេកស្លាប់នៅក្នុងផ្ទះខ្លួនឯង ដោយមានស្នាមរបួសពេញខ្លួន ភ្លាមនោះ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុសួរនាំទើបដឹងថា ពាក់ព័ន្ធនឹងការវាយតប់គ្នាកាលពេលយប់។
សមត្ថកិច្ចបានធ្វើកោសល្យវិច័យលើសពនិងស្រាវជ្រាវបន្តទៀត៕ សុខាសែនជ័យ