ព័ត៌មានទាន់ហេតុការណ៍៖

វេណេហ្សុ៊យអេឡាបិទទ្វារប្រព័ន្ធផ្សព្វផ្សាយជិត៧០

ចែករំលែក៖

កាលពីថ្ងៃទី២៧ខែធ្នូ សមាគមអ្នក កាសែត ជាតិវេណេហ្សុ៊យអេឡា SNTP បានប្រកាសថា មាន៦៩ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមាន កាសែត វិទ្យុ និងទូរទស្សន៍ ត្រូវបានបង្ខំឲ្យបិទទ្វារដោយសារតែប្រព័ន្ធផ្សព្វផ្សាយទាំងនោះប្រឆាំងនិងរដ្ឋាភិបាល។

ក្នុងចំណោម ស្ថាប័នផ្សព្វផ្សាយព័ត៌ មានទាំង៦៩ មានវិទ្យុ ចំនួន៤៥ បណ្តាញ ទូរទស្សន៍ចំនួន៣ និងកាសែត២០។ សមាគមអ្នកកាសែតបានបញ្ជាក់ថា ក្រៅពីនេះនៅមានអ្នកសារព័ត៌មាន៦៦នាក់ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនទៀតផង និងរារាំង ក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស នេះ។

តាមការបញ្ជាក់របស់ SNTPបានឲ្យដឹង ថា មានការវាយប្រហារទៅលើអ្នកសារព័ត៌មាន រហូតដល់៥០០លើក គឺកើនឡើង ២៦,៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៦។ ការវាយប្រហារខាងលើកើតឡើងក្នុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្នុងអំឡុង ខែមេសា និងខែមិថុនា របស់ពលរដ្ឋវេណេហ្សុ៊យអេឡា។ អំពើ ហិង្សាពាក់ព័ន្ធនឹងបាតុកម្មបានសម្លាប់ មនុស្សដល់ទៅ១២៥នាក់ ។

ប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក Nicolas Maduro បានរិះគន់យ៉ាងខ្លាំងដល់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសនេះ ក៏ ដូចជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដែល បានបំផ្លៃការពិត ជំរុញឲ្យមានការក្រោកឈរឡើងប្រឆាំងនិងរដ្ឋាភិបាលរបស់លោក។

ប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងនោះមាន វិទ្យុនិងទូរទស្សន៍ កាសែត ត្រូវបានបិទទ្វាក្រោយលិខិតអនុញ្ញាតឲ្យដំណើរការ ផុត កំណត់ ហើយមិនអាចសុំមកវិញបាន។ ក្រៅពីនេះបណ្តាញព័ត៌មានCNN , Caracol TV និងRCN ក៏បានហាមប្រាមផ្សព្វ ផ្សាយនៅក្នុងប្រទេសនេះដែរ។

ពាក់ព័ន្ធនឹងអ្នកកាសែតរងការសម្លាប់នៅក្នុងឆ្នាំ២០១៧នេះបានថយចុះគួរឲ្យកត់សម្គាល់ គឺជារឿងដ៏ប្រសើរ សម្រាប់អ្នកកាសែតទាំងអស់លើពិភពលោក។ កន្លង មកអង្គការអ្នកកាសែតគ្មានព្រំដែនហៅកាត់ថា RSF បានចុះផ្សាយតួលេខអ្នកកាសែតដែលបានពលីជីវិត ក្នុងពិភពលោក នៅឆ្នាំ ២០១៧នេះ គឺមាន៦៥នាក់ដែលស្លាប់។ តួលេខនេះថយចុះ១៨ភាគរយ បើប្រៀប នឹងឆ្នាំ២០១៦ ប៉ុន្តែអ្នកកាសែតនៅតែរងការគំរាមធ្ងន់ធ្ងរ ក្នុងអាជីពរបស់ពួកគេ។

យោងតាមអង្គការអ្នកកាសែតគ្មានព្រំដែនRSF អ្នកកាសែតស្លាប់ ក្នុងឆ្នាំ២០១៧ នេះ មាន៦៥នាក់ ក្នុងនោះ ៥០នាក់ជា អ្នកកាសែតអាជីព ហើយអ្នកផ្សេងទៀត ជាអ្នកសរសេរក្នុងវេបសាយ និងជាដៃ គូរបស់អ្នកអ្នកកាសែត។ ក្នុងចំណោម ពួកគេ មាន៣៩នាក់ ត្រូវបានគេសម្លាប់ ឬរងការវាយប្រហារដោយចេតនា។ ចំណែក២៦នាក់ទៀត ស្លាប់ក្នុងពេលបំពេញ ការងារ។

តួលេខអ្នកសារព័ត៌មានរងគ្រោះថយ ចុះ ដោយសារមានយុទ្ធនាការផ្សព្វផ្សាយពីសារសំខាន់ក្នុងការការពារជីវិតអ្នកកាសែត ពិសេសគឺយុទ្ធនាការរៀបចំដោយអង្គការអន្តរជាតិនិងសារព័ត៌មានខ្លួនឯងតែម្តង។ តួលេខជនរងគ្រោះជាអ្នកកាសែតថយចុះ ក៏ដោយសារប្រទេសដែលរងសង្គ្រាម ដូច ជាស៊ីរី រឬក៏អុីរ៉ាក់នោះ លែងមានអ្នក កាសែតច្រើនទៀតដែរ។ ឆ្នាំ២០១៧នេះ ស៊ីរីនៅតែជាប្រទេសដែលអ្នកសារព័ត៌ មានប្រឈមគ្រោះថ្នាក់ខ្លាំងបំផុត។

ដោយឡែក ក្នុងប្រទេសមានសន្តិភាពដូចជាម៉ិចស៊ិក អ្នកកាសែតក៏នៅតែត្រូវ ប្រឈមនឹងការគំរាមអាយុជីវិត ពិសេសអ្នកដែលសរសេរស៊ើបអង្កេតអំពើពុករលួយ ក្នុងនយោបាយ ឬក៏ឧក្រិដ្ឋកម្មគ្រឿងញៀន ជាដើម។ ពួកគេត្រូវបានគេគំរាម រហូតដល់ ធ្វើឃាតក៏មាន។ អ្នកកាសែតនៅម៉ិចស៊ិកមួយចំនួនបានសម្រេចឈប់ធ្វើការងារនេះតទៅទៀត រឺក៏ចាកចេញពីម៉ិចស៊ិកតែម្តង។

កាលថ្ងៃអង្គារកន្លងមកនេះ អង្គការអ្នកកាសែតគ្មានព្រំដែនបានបង្ហាញផងដែរ នូវតួលេខអ្នកកាសែតដែលត្រូវគេឃុំខ្លួន គឺមាន ដល់ទៅ៣២៦នាក់។ ចិនមានអ្នកកាសែតជាប់ឃុំច្រើនជាងគេ គឺមាន៥២នាក់។ បន្ទាប់មកមាន៤៣នាក់ជាប់ឃុំ នៅទួរគី ២៤នាក់នៅស៊ីរី ២៣នាក់នៅអុីរ៉ង់ ហើយ ១៩នាក់ទៀត នៅវៀតណាម។ ក្រៅពីនេះ អ្នកកាសែត៥៤នាក់ កំពុងត្រូវក្រុមប្រដាប់អាវុធរឬក៏ក្រុមភេរវជនរដ្ឋអ៊ិស្លាមចាប់ជា ចំណាប់ខ្មាំង៕ ម៉ែវ សាធី


ចែករំលែក៖