ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ២ភូមិមានចំនួន៣៥២គ្រួសារស្នើរដ្ឋបាលខណ្ឌព្រែកព្នៅបើកផ្លូវ និងស្តារប្រឡាយកងទ័ពនៅភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំមួយក្រោយពីបានដឹកនាំមន្ត្រីសាលាខណ្ឌជាប់ពាក់ព័ន្ធមាន លោកអភិបាលរងខណ្ឌ និងជំនាញភូមិបាលខណ្ឌ មន្ត្រីសង្កាត់ មេភូមិព្រមទាំងប្រជាពលរដ្ឋ ចុះពិនិត្យស្ថានភាពការស្តារប្រឡាយកងទ័ពនៅភូមិស្រែដូនតូចសង្កាត់ពញ្ញាពន់ខណ្ឌព្រែកព្នៅដែលមានប្រវែង២០០ម៉ែត្រទទឹង២០ម៉ែត្រកាលពីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧កន្លងមក។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកសុខ សម្បត្តិបានលើកឡើងថា ដោយមានការស្នើសុំរបស់ប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរមូលដ្ឋានក៏បានខិតខំយកអស់កម្លាំងកាយចិត្ត និងជួយបំពេញនូវតម្រូវការប្រជាពលរដ្ឋផងនោះលោកសុខ សម្បត្តិបានសន្យាថាស្តារប្រឡាយមួយខ្សែនេះទៅតាមការស្នើសុំផងដែរដែលចាប់ពីផ្លូវ១៥១ទៅទល់ព្រុំប្រទល់ស្រុកពញ្ញាឮ ខេត្តកណ្តាល លោកបន្តទៀតថា ក្នុងការដំណើរការចុះអនុវត្តគឺខាងអាជ្ញាធរមានបញ្ហាជាមួយប្រជាពលរដ្ឋមួយគ្រួសារផងដែរដែលគាត់រស់នៅខាងដើមផ្លូវ ដែលកន្លងមកគាត់យកដីប្រឡាយអាស្រ័យផល ហើយអាជ្ញាធរពុំដែលឲ្យសិទ្ធិកាន់កាប់ទៅគាត់ឡើយ។ តែទោះជាយ៉ាងណាដើម្បីប្រយោជន៍សាធារណៈអាជ្ញាធរសង្កាត់ និងខណ្ឌត្រូវតែស្តារ និងអភិវឌ្ឍន៍ប្រឡាយ និងធ្វើផ្លូវអែបប្រឡាយទទឹង១០ម៉ែត្រដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពល់រដ្ឋផងដែរ ដោយប្រើប្រាស់ថវិការបស់សាលាខណ្ឌ។

ដោយឃើញអំពីផលលំបាករបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសដែលកំពុងមានការរីកចំរើន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតិតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ដែលបច្ចុប្បន្នលោកបាន និងកំពុងខិតខំយកអស់នូវកម្លាំងកាយ និងកម្លាំងចិត្តក្នុងការក៌សាងប្រទេសខំប្រឹងទាំងយប់ទាំងថ្ងៃដើម្បីតែប្រជាពលរដ្ឋធ្វើយមានសុខសន្តិភាពមានការរីកចម្រើនលើគ្រប់វិស័យ មានស្ពាន ស្ពានអាកាសផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹកស្អុយ ជួយរំដោះជំនន់ទឹកភ្លៀង ក៏សាងសាលារៀន មន្ទីរពេទ្យ និងសមិទ្ធិផលនានាផ្សេងទៀតជាច្រើនដែលធ្វើឲ្យសកលលោកគេកោតសរសើរ និងមានការទាក់ទាញភ្ញៀវទេសចរណ៍នាំគ្នាចូលមកទស្សនាប្រទេសកម្ពុជាមិនដាច់។

លោកសុខ សម្បត្តិបន្តទៀតថា ដើម្បីចូលរួមលើកស្ទួយមុខមាត់ប្រទេសដែលទើបតែបានសន្តិភាព ស្ថេរភាព ក្នុងនាមអាជ្ញាធរតាមមូលដ្ឋានក៏មិនព្រងើយកន្តើយដែរ ទីណាមានប្រជាពលរដ្ឋ ទោះជានៅជិតឬឆ្ងាយអាជ្ញាធរចុះជួយដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឲ្យអ្នកណាម្នាក់ស្លាប់ដោយអត់បាយទេ កន្លងមកក្នុងខណ្ឌព្រែកព្នៅទាំងមូល អាជ្ញាធរមូលដ្ឋានបានស្ថាបនាផ្លូវបេតុងក្រាលឆ្អឹងដែក ផ្លូវក្រាលគ្រួសភ្នំ ដាក់លូ ស្តារប្រឡាយ ជីកអណ្តូង ជីកស្រះ និងស្ថាបនាស្ពានជាច្រើនជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ និងបញ្ជៀសការកកស្ទះចរាចរណ៍ និងជួយសម្រួលក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនានាផងដែរ៕ ព្រែកជ័យ


ចែករំលែក៖