ភ្នំពេញ ៖ កំម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាល៥ប៉ុស្តិ៍ បានឃាត់ខ្លួនបុរសម្នាក់ ជាកងកម្លាំងអន្តរាមគន៍ពិសេសនៃស្នការដ្ឋានរាជធានីភ្នំពេញក្រោយពីគាត់ខឹងប្រពន្ធសុំលែង ហើយបានដកកាំភ្លើងបាញ់គំរាមសម្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានសហការជាមួយប៉ុស្តិ៍នគរបាលចោមចៅ២ ចោមចៅ៣ ប៉ុស្តិ៍កន្ទោក និងភ្លើងឆេះរទេះ សរុប៥ប៉ុស្តិ៍ បានចូលសហការជាមួយអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ។ យោងតាមសម្តីប្អូនស្រីស្ត្រីរងគ្រោះឲ្យដឹងថា ជនបង្កគឺជាមន្ត្រីនគរបាលអន្តរាគមន៍ពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នាក់នៅកន្លែងកើតហេតុមានកូន២នាក់ ដោយសារតែប្តីប្រចណ្ឌខ្លាំងពេក ទើបប្រពន្ធទ្រាំលែងបានក៏បានទៅប្តឹងលែងលះប្រមាណជា៥ខែមកហើយ តែជនបង្កនៅតែមករករឿងមិនព្រមលែងលះ ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះនិងម្តាយព្រមទាំងបងប្អូន បានអង្គុយផឹកស៊ីនៅមុខផ្ទះដើម្បីអបអរសាទរថ្ងៃបុណ្យឆ្លងឆ្នាំសាកល ស្រាប់តែជនបង្កជិះម៉ូតូម៉ាក YAHAMA ស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ស្លាកលេខនប១១២06 មកដល់បានដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ រត់ចូលផ្ទះអស់ ហើយជនបង្កបានបាញ់១គ្រាប់ទៀត គំរាមសម្លាប់ប្រពន្ធ ទើបប្រពន្ធជនបង្ក បានទូរស័ព្ទហៅសមត្ថកិច្ចមកដល់ រួមទាំងមានកម្លាំងនគរបាលប៉ុស្តិ៍ចំនួន៥ មកជួយអន្តរាគមន៍ជិតមួយម៉ោងដោយឃាត់ខ្លួនជនបង្កបានប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ