ខេត្តស្វាយរៀង៖ មន្ត្រីនគរបាលម្នាក់ និងអ្នកដើរថ្មើរជើងឆ្លងផ្លូវម្នាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ រវាងរថយន្តបុកនឹងឆ្លងផ្លូវ និងជិះម៉ូតូដួលខ្លួនឯង។
យោងតាមមន្ត្រីនគរបាលខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មាននគរវត្តប្រចាំខេត្តឲ្យដឹងថា ករណីទីមួយថ្ងៃ អាទិត្យ ១៤កើត ខែ បុស្ស ឆ្នាំរកា ព.ស ២៥៦១ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៣រសៀល លើផ្លូវលេខ ១០៧ ស្ថិតក្នុងភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង មានករណីដួលម៉ូតូដោយខ្លួនឯង ដោយមានម្ចាស់ឈ្មោះ គង់ សុវណ្ណារិទ្ធ អាយុ ៤៧ ឆ្នាំ មុខរបរ មន្ត្រីនគរបាល រស់នៅភូមិ ប្រសូត្រទី១ ឃុំ កណ្ដៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាក្ស ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D ៤៣៤៧ ខណៈប្រើប្រាស់ល្បឿនលឿនពីកើតទៅលិចមិនប្រយត្ន័ ស្រាប់តែរេចង្កូតដួលតែម្ដង ។
ករណីទី២ កើតឡើងនៅថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ ត្រូវថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៧និង ៤០ នាទីយប់លើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤៦- ១៤៧ ស្ថិត ក្នុង ភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង ដោយមាន រថយន្ដមួយគ្រឿង ម៉ាកអាំឡង់ ពណ៌សរ ស្លាកលេខ រដ្ឋ០៨១៧ បើកបរដោយឈ្នោះចែម ទូច ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បើកបរ រថយន្ត មន្ទីរបង្អែកជីភូ មានទីលំនៅភូមិអង្គរក្ដួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង លុះដល់ចំណុចកើតហេតុ ខាងលើបានទៅបុកប៉ះអ្នកថ្មើរ ឈ្មោះ ជិត ប្រុស ភេទប្រុស អាយុ ២៧ ឆ្នាំ ( គ ថ្លង់ ) មានទីលំនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឲ្យរងរបួសធ្ងន់ (បាក់ឆ្អឹងកំភួនជើងខាងស្ដាំ )។
បច្ចុប្បន្នជនរងគ្រោះត្រូវបាន បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យស្វាយរៀង ចំណែក វត្ថុតាង រថយន្ដ រក្សាទុក បណ្ដោះអាសន្ន នៅមន្ទីរពេទ្យបង្អែកជីភូ ។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថាមូលហេតុគឺ បណ្ដាលមកពីជនរងគ្រោះ ដើរឆ្លងផ្លូវ ខ្វះ ការប្រុងប្រយត្ន័ ទើបជួបករណីនេះកើតឡើង៕ យឹម សុថាន