ខេត្តកំពង់ស្ពឺ៖ ផ្ទះឈើលើថ្មក្រោមមួយខ្នង និងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអគ្គភ័យឆាបឆេះគ្មានសល់ ដោយសារតែភ្លេចពន្លត់ធូបដែលអុជលើហឹង ដើម្បីសូត្រធម៌ថ្វាយបង្គំព្រះ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន និងមិនរាលឆ្លងទៅផ្ទះអ្នកជិតខាង។
គ្រោះអគ្គិភ័យនេះកើកាលពីវេលាម៉ោង១៩និង៣៩នាទី ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅភូមិអង្គសណ្តាន់ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ណឺ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះអែម ធឹម ភេទប្រុសអាយុ៧៤ឆ្នាំ នៅភូមិឃុំខាងលើ ផ្ទះដែលត្រូវព្រះអគ្គិភ័យឆាបឆេះមានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ឈើលើ ថ្មក្រោម។
ប្រភពពីសមត្ថកិច្ចស្រង់សំដីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុគឺរូបគាត់បានដុតធូបនៅកន្លែងសក្ការបូជាព្រះ និងបានសូត្រធម៌ថ្វាយបង្គំព្រះរួចរាល់ ក៏ចុះពីផ្ទះដោយមិនបានពន្លត់ធូបនោះឡើយ។ ការចុះទៅនេះ ក្ន្ងគោលបំណងទៅសូត្រធម៌ជាមួយចាស់ៗនៅក្នុងសាលាបុណ្យភូមិជាមួយគ្នា ព្រោះជានិច្ចកាលចាស់ៗតែងតែមកជួបជុំគ្នារៀងរាល់ថ្ងៃសីល ដើម្បីសុំសីលនៅសាលាបុណ្យភូមិនេះ។ បន្ទាប់ពីមកដល់សាលាបុណ្យមិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមានមនុស្សមកប្រាប់ថា ផ្ទះរបស់គាត់ត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំង ពេលនោះ គាត់ក៏រត់សំដៅទៅផ្ទះ ស្រាប់តែឃើញភ្លើងឆេះពេញបន្ទុកទៅហើយ។
ក្នុងហេតុការណ៍ដែរ សមត្ថកិច្ចបានប្រើរថយន្តអគ្គិភ័យរបស់ស្រុកឧដុង្គ ប្រើទឹកអស់មួយឡាន និងរថយន្តអគ្គិភ័យរបស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រើទឹកអស់មួយឡាន ទើបគ្រប់គ្រងស្ថានការណ៍បាន។ គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរួមមាន ម៉ូតូគុបជ្រុង១គ្រឿង ទូរទស្សន៍១គ្រឿង លុយ1500$ មាស៧ជី ស្រូវ១តោន។
ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវដឹងថា អគ្គិភ័យនេះបណ្តាលមកពីកំទេចធូបធ្លាក់លើក្តារ ទើបបង្កើតទៅជាភ្លើងឆាបឆេះតែម្តង។ ចំណែកម្ចាស់ផ្ទះក៏បានឯកភាពទទួលស្គាល់ដូចសមត្ថកិច្ចសន្និដ្ឋានដែរ៕ សេនាស័ក្តិ