ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ពងទឹក សហការជាមួយ និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ បើកការស្រាវជ្រាវ ស៊ើបអង្កេតតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ជនរងគ្រោះ ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានម្នាក់ជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មបំផុត និងជនសង្ស័យ២នាក់ទៀតជាអ្នកផ្សំគំនិត កាលពីរម៉ោង៤និង៥០សៀល ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១ ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបាន ទី១- ឈ្មោះញ៉ែម ផល្លា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិអង្គក្រសាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ទី២- ឈ្មោះ អ៊ូច រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។និងទី៣-ឈ្មោះ ណៃ ចាន់ថន អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ខាងលើ ដំបូងឡើយសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ផង គឹមកន ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២ ក្រុម៤ ភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០ នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ គាត់និងក្រុមគ្រួសារបានរៀបចំពិធីរៀបមង្គលការកូន ដោយរវល់ជាប់ទទួលភ្ញៀវ លុះដល់យប់ជ្រៅចប់ពិធីក៏ចូលសម្រាករាងៗខ្លួន ពេលនោះជនរងគ្រោះបានអូសម៉ូតូម៉ាក Zoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1GG-4988 មកទុកខាងមុខផ្ទះដោយបានចាក់សោរ.កត្រឹមត្រូវហើយក៏សម្រាន្តលង់លក់ លុះដល់ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦ព្រឹក ពេលដែលក្រោកពីដំណេក ក៏បាត់ម៉ូតូតែម្តង ទើបមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ពងទឹកឲ្យជួយអន្តរាគមន៍ និងឆែកពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពនៅផ្ទះរបស់ជនរងគ្រោះ ។
ក្រោយពីសមត្ថកិច្ចស្រាវជ្រាវតាមរយៈប្រពន្ធកាមេរ៉ាសុវត្ថិភាពហើយនោះ ទើបអាចកំណត់មុខសញ្ញាជនសង្ស័យខាងលើបាន ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណៃ ចាន់ថន បាននៅចំណុចភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ ដកហូតបានកាំភ្លើងខ្លីម៉ាក រ៉ូឡូ ១ដើម និងគ្រាប់ចំនួន៥គ្រាប់ បញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ពងទឹកដើម្បីសាកសួរ ។
បន្ទាប់មកជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ 1GG-4988 ពិតប្រាកដមែន ដោយបានយកម៉ូតូដែលលួចបាននោះ យកទៅប្តូរជាមួយគេ២នាក់ ទៀតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីប្តូរយកកាំភ្លើងម៉ាករ៉ូឡូ(ដែលដកហូតបាន) រួមនិងថ្នាំញៀនទម្ងន់ប្រហែល ១ជី យកមកប្រើប្រាស់ ។ ទើបក្រោយពីទទួលបានចម្លើយសារភាពនេះរួចមក សមត្ថកិច្ចប៉ុស្តិ៍ពងទឹក សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បន្តសហការជាមួយនគរបាលស្រុកគងពិសី និងមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញា បាននាំខ្លួនជនសង្ស័យឈ្មោះ ណៃ ចាន់ថន ទៅបង្ហាញទីតាំងកន្លែងប្តូរម៉ូតូ និងឆ្មក់បង្ក្រាបដល់ភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជាលទ្ធផល សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ឈ្មោះ ញ៉ែម ផល្លា និងឈ្លោះ អ៊ូច រដ្ឋា (ដែលជាអ្នកផ្សំគំនិត)។ ចំណែកម្ចាស់ផ្ទះ បានរត់គេចខ្លួនបាត់ស្រមោល រួចសមត្ថកិច្ចបានបន្ត ឆែកឆេររកឃើញម៉ូតូរបស់ជនរងគ្រោះ នៅទីនោះផងដែរ សរុបទាំងអស់សមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន១១គ្រឿង (រួមមានម៉ូតូធំ , ម៉ូតូម៉ាក Zoomer-X និងម៉ូតូម៉ាកហុងដាសេ។ ១២៥ ) , រួមនិងក្រាមសថ្លាចំនួន១កញ្ចប់ធំល្មម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរបន្ត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងសរុបទាំងអស់ មាន ម៉ូតូស៊េរីទំនើបចំនួន១១គ្រឿង ក្នុងនោះរួមមានទាំងម៉ូតូធំ, ម៉ូតូម៉ាកZoomer-X និងម៉ាកសង់សេ១២៥ , អាវុធខ្លីម៉ាករ៉ូឡូ១ដើម មានគ្រាប់ចំនួន៥គ្រាប់ , ក្រាមសថ្លាចំនួន១កញ្ចប់ធំល្មម កំពុងត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ