ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនិស្សិតរូបនេះ ខឹងខ្ចីលុយ៥០ដុល្លារពី មេម៉ៅការសាងសង់ម្នាក់ ប៉ុន្តែគាត់ឆ្លើយថា គ្មានលុយ ស្រាប់តែស្ទុះទៅចាប់ឱបកូនក្រមុំគេនៅក្បែរកន្លែងកើតហេតុ ភ្លាមនោះឪពុកម្តាយក្មេងស្រីរត់ទៅទាញចេញ ក៏និសិ្សតរូបនោះវាយឪពុកក្មេងស្រីមួយដៃផ្អើលសមត្ថកិច្ចចាប់វាយខ្នោះតែម្តង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
និសិ្សតទំនើងដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះផាង សាន ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចផ្នែកគណនេយ្យ ឆ្នាំទី៣ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញយុវជនបង្កហេតុនិងមិត្តភ័ក្តិម្នាក់ទៀត មានសភាពស្រវឹងស្រាជោកជាំបានបើករថយន្តមួយគ្រឿងម៉ាក Scion ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-3119 បើកពីផ្លូវជាតិលេខ១ ចេញផឹកស៊ីនៅកៀនស្វាយ ទើបត្រឡប់មកក្រុងភ្នំពេញវិញ ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់រថយន្តហើយបុរសម្នាក់ បានធ្លាប់ស្គាល់មេជាងម៉ៅការសំណង់ឈ្មោះ អៀម សារឿង ក៏ខ្ចីលុយចំនួន៥០ដុល្លារ យកផឹកបន្ត តែប្រពន្ធបានឆ្លើយតបទៅវិញថា គ្មានលុយទេ ស្រាប់តែបុរសម្នាក់ទៀតចុះពីរថយន្តមកស្រែកថាគ្រាន់លុយ៥០ដុល្លារក៏គ្មានដែរ ហើយក្រឡេកឃើញកូនក្រមុំគាត់កំពុងតែអង្គុយ ក៏ស្ទុះឱបកូនក្រមុំ តែត្រូវបុរសជាឪពុកស្ទុះមកទាញចេញ ហើយជនល្មើសក៏បានវាយឪពុកជនរងគ្រោះហើយវាយទាំងសមត្ថកិច្ចទៀត ផ្អើលសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ។ បន្ទាប់មកជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាត់ការតាមច្បាប់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ