ព័ត៌មានទាន់ហេតុការណ៍៖

នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នលើការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញៈ នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នលើការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលហៅថាប្រព័ន្ធអ៊ីនធឺណែត ខណៈបច្ចុប្បន្នប្រព័ន្ធបច្ចេកវិជ្ជា កាន់តែមានការរីកចម្រើនយ៉ាងខ្លាំង ដែលក្នុងនោះមានឧបករណ៍ និងបណ្តាញសង្គមជាច្រើនវិវត្តន៍កាន់តែទំនើប ដែលបានផ្តល់ឱកាសឲ្យមនុស្សមួយចំនួន ប្រើប្រាស់ក្នុងគោលដៅអវិជ្ជមាន ដល់សង្គមជាតិ ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បទល្មើសបច្ចេកវិទ្យា គឺថ្មីណាស់សម្រាប់ប្រទេសកម្ពុជា ហើយបទល្មើសនេះ ក៏បានកើតឡើងជាច្រើន នៅតាមបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។ លោកបន្តថា កន្លងមកនៅប្រទេសកម្ពុជា បានទទួលពាក្យបណ្តឹងជាច្រើន ពីបណ្តាអ្នកប្រើប្រាស់ប្រពន្ធ័សង្គម ក្នុងករណីបង្ហោះសារ ឬករណីគំរាមគំហែង គឺមន្រ្តីជំនាញ បានបង្ក្រាបប្រហែល២០ករណី ក្នុងចំណោមពាក្យបណ្តឹងជាង២០០ករណី ដែលបទល្មើសនេះ កើតឡើងលឿន ហើយអាចរលាយទៅវិញក៏លឿនដែរ។ លោកបានបន្តទៀតថា ប្រជាពលរដ្ឋទាំងអស់ គួរប្រុងប្រយ័ត្នដោយខ្លួនឯងផ្ទាល់ នៅពេលដែលមានព័ត៌មានអ្វីមួយពាក់ព័ន្ធនិងសមាជិកគ្រួសាររបស់ខ្លួន តាមរយៈបណ្តាញសង្គម ឬក៏តាមរយៈទូរស័ព្ទក្តីគួរតែទាមទារការបញ្ជាក់ពីភាគីនោះ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់នូវការប្រព្រឹត្តបទល្មើសតាមប្រពន្ធ័បច្ចេកវិទ្យានេះ សូមឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ឧបករណ៍ទំនើបទាំងអស់ ចូលរួមទាំងអស់គ្នា ដោយសារបទល្មើសនេះ គឺមិនអាចមានតែនាយកដ្ឋានបច្ចេកវិទ្យាប្រឆាំងបទល្មើសបច្ចេកវិទ្យាម្នាក់ឯងធ្វើបានទេ ព្រោះថាបទល្មើសនេះ ជាបទល្មើសបែបទំនើបថ្មី ហើយវិទ្យាសាស្រ្ត ដោយសារអ្នកប្រព្រឹត្តបទល្មើសនេះ មិនអាចជាអ្នកគ្មានសមត្ថភាព ឬអ្នកមានចំណេះដឹងទាបនោះទេ គឺអ្នកប្រព្រឹត្តនោះសុទ្ធតែមានសមត្ថភាពខ្ពស់។

នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថា ប្រសិនបើប្រជាពលរដ្ឋ ទទួលបានព័ត៌មានថា មានគេឆបោក ឬគំរាមគំហែងក្នុងប្រការណាមួយ សូមទៅប្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្ថិតនៅលើអាគារ L ក្នុងក្រសួងមហាផ្ទៃ ដោយភ្ជាប់មកជាមួយភស្តុងតាង ដោយឡែកក៏អាចទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ផ្ទាល់ របស់អគ្គស្នងការនគរបាលជាតិ គឺ១១៧ ឬ១១៨ និងអាចទំនាក់ទំនងមកនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០២៣ ៧២ ៦៨ ២២៕


ចែករំលែក៖