ភ្នំពេញ ៖បុរសម្នាក់ស្រាប់តែខ្យល់គរស្លាប់ ពេលកំពុងអង្គុយជជែកលេងជាមួយញាតិជិតខាង ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ជួលជាប់ផ្លូវលំ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ ។
សពបុរសខាងលើមានឈ្មោះ ឆាយតឹម អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅចំណុចកើតហេតុខាងលើមានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំវាល ស្រុកស្វាយអន្ទរខេត្តព្រៃវែង។
តាមប្រភពពត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើបានអង្គុយជជែកលេងជាមួយអ្នកជិតខាងហើយ ក៏ត្អូញប្រាប់ប្រពន្ធរបស់គាត់ថា ដូចជារោយកញ្ចឹងក មួយសន្ទុះក្រោយមក ក៏មានអការស្លេកស្លាំង ទើបអ្នកជិតខាងនាំគ្នាជួយគក់ច្របាច់ និងនាំគាត់ទៅមន្ទីរពេទ្យឯកជន ដែលនៅក្បែរផ្ទះជួលរបស់គាត់ តែជាអកុសលគ្រូពេទ្យបានប្រាប់ថា បុរសខាងលើនេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយៗក៏បានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងនគរបាលជំនាញចុះទៅដល់ចំណុចកើតហេតុដើម្បីធ្វើកោសល្យវិច័យ ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសាកសពរួចបានប្រាប់ឲ្យដឹងថា សពបុរសខាងលើនេះពិតជាស្លាប់ដោយជំងឺខ្យល់គរគាំងបេះដូងពិតប្រាកដមែន។
សពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ