ពួកមន្ត្រីជលផលនៅខេត្តកំពង់ធំនិយាយថា ពួកគេមិនខ្វល់នឹងអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្តនោះទេ គឺធ្វើម៉េចសរសេររបាយការណ៍ប្រាប់តែអគ្គនាយកដ្ឋានរដ្ឋបាលជលផល និងថ្នាក់ដឹកនាំក្រសួងកសិកម្មរួចទៅគឺចប់ហើយ។ រដ្ឋបាលជលផលថ្នាក់លើជឿតែទៅលើរបាយការណ៍ និងផ្តល់លាភសក្ការជូនខ្លះចប់បញ្ហាហើយ។ ហេតុដូច្នេះហើយបានជាពួកមន្ត្រីជលផលខេត្តកំពង់ធំក្លាយទៅជាជនកាងបទល្មើស ហើយរង់ចាំចាប់ប្រជាពលរដ្ឋណា ដែលមិនបង់ប្រាក់ឲ្យខ្លួនយកស្នាដៃបង្ហាញថ្នាក់ខេត្ត និងថ្នាក់ជាតិ។
ពួកមន្ត្រីជលផលខេត្តកំពង់ធំដឹកនាំដោយលោកប៉ែន វណ្ណរិទ្ធ យល់ចិត្តលោកជា អេងសាន ច្បាស់លាស់ ទើបក្លាយខ្លួនជាអ្នកកាងបទល្មើសនៅបឹងទន្លេសាប។ ពួកមន្ត្រីជលផលគ្រប់ផ្នែក គ្រប់សង្កាត់ក្នុងបឹងទន្លេសាបក្នុងខេត្តកំពង់ធំ សុទ្ធតែជាអ្នកកាងបទល្មើសឲ្យបណ្តាជនវៀតណាមចូលនេសាទដោយប្រើឧបករណ៍ខុសច្បាប់ គ្រាន់តែបង់ប្រាក់ឲ្យពួកជលផលជាការស្រេច។ ប្រជាពលរដ្ឋខ្មែរ រាយមង ចងសន្ទួច ត្រូវពួកមន្ត្រីជលផលចាប់យកស្នាដៃ ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ តួយ៉ាងដូចជាលោកជា អេងសាន ជាដើមនោះ។ លោកជា អេងសាន ត្រូវបានមន្ត្រីជលផលអះអាងថា មើលតែរបាយការណ៍មិនដែលចុះពិនិត្យជាក់ស្តែងទេ ដូច្នេះចង់ពួកគេធ្វើយ៉ាងម៉េចក៏បាន។
មន្ត្រីជលផលក្រោមអំណាចលោកប៉ែន វណ្ណរិទ្ធ ដូចជាឈ្មោះយ៉ាន់ វិសាក់ គឺជាអ្នកដែលមានឥទ្ធិពលខ្លាំងជាងគេក្នុងការប្រមូលប្រាក់ពីបទល្មើសក្នុងបឹងទន្លេសាប។ បើទោះបីជាលោកអភិបាលខេត្តកំពង់ធំ សុខ លូ ហាក់ដូចជាក្តៅស្លឹកត្រចៀកនៅពេលកាសែត រិះគន់ខ្លាំង ក៏ដាប់បន្តទៅមន្ត្រីជលផលនោះយ៉ាងណាក៏ដោយ ក៏ពួកមន្ត្រីជលផលទាំងនោះមិនខ្ចីខ្វល់។ ពួកគេនិយាយថា មិនខ្វល់ចំពោះការរិះគន់ពីសំណាក់អភិបាលខេត្តនោះទេ គឺគេខ្វល់តែខ្សែបណ្តោយប៉ុណ្ណោះ។ រីឯខ្សែបណ្តោយគឺលោកជា អេងសាន ផ្តេកផ្តួលរមួលផ្សំគ្រិច ដែលទំនងជាទទួលបានលាភសក្ការពីពួកមន្ត្រីតួចតាចនៅតាមបណ្តាខេត្តទាំងនោះ។
ប្រជាពលរដ្ឋខ្មែរនិយាយថា បណ្តាជនវៀតណាមមានសិទ្ធិអំណាចហួសហេតុក្នុងការប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងខេត្តកំពង់ធំ។ ទង្វើបែបនេះវាពិតជាធ្វើឲ្យខូចដល់នយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរ។ ពលរដ្ឋខ្មែរគ្រាន់តែនេសាទចិញ្ចឹមក្រពះត្រូវពួកមន្ត្រីជលផលចាប់ដាក់គុកយកស្នាដៃ ប៉ុន្តែបណ្តាជនវៀតណាមត្រូវបានពួកមន្ត្រីជលផលអនុញ្ញាតឲ្យនេសាទល្មើសច្បាប់តាមចិត្ត៕