ព័ត៌មានទាន់ហេតុការណ៍៖

បុរសវិកលចរិកម្នាក់លោតសម្លាប់ខ្លួនពីលើដំបូលផ្ទះ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសវិកលចរិកម្នាក់លោតពីលើដំបូលផ្ទះ កម្ពស់៧ម៉ែត្រសម្លាប់ខ្លួន កាលពីថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងលំនៅដ្ឋានរបស់ខ្លួន ក្នុង ភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ។

លោកវរៈសេនីយ៍ទោ ទូច ប៊ុនធឿន អធិការ នគរបាលស្រុកអង្គរធំ បានឲ្យដឹងថា ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ ទើបលោក បានឲ្យកម្លាំងនគរបាលប៉ុស្តិ៍ ឃុំស្វាយចេក ចុះទៅត្រួតពិនិត្យសាកសព ដល់កន្លែងកើតហេតុភ្លាមៗផងដែរ ។

ជនរងគ្រោះ ឈ្មោះ ឃាន ត្រប់ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញត្រួតពិនិត្យធ្វើកុសលវិច្ច័យនិងសាកសួរពីក្រុមគ្រួសាររួចមក ទើបបានសន្និដ្ឋានថា ករណីនេះមិនមែនជាករណីឃាតកម្មទេ មូលហេតុ៖គឺដោយសារ ជនរងគ្រោះជាមនុស្សវិកលចរិក ឧស្សាហ៍ឡើង ដើមឈើ លេង ដល់ថ្ងៃកើតហេតុមិនដឹងបាត់ទៅណា ក៏ស្រាប់តែធ្លាក់ពីលើដំបូលផ្ទះស្លាប់តែម្តង នេះ បើតាមសម្តីរបស់ក្រុមគ្រួសារ។​

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីនៅភូមិឃុំខាងលើ៕ ប៊ុន រិទ្ធី​


ចែករំលែក៖