ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ជនសង្ស័យរូបនេះ បានឡើងលើផ្ទះលួចឥវ៉ាន់ ខណៈដែលម្ចាស់ផ្ទះកំពុងលក់លក់ក្នុងដំណេក ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចូលលួចគាស់ផ្ទះប្រជាពលរដ្ឋនេះ មានឈ្មោះគង់ សុជា ភេទប្រុស អាយុ ២៥ឆ្នាំ នៅ ភូមិកាជោ ឃុំជោ ស្រុកត្រពាំងខ្លៅ ខេត្តត្បូងឃ្មុំ។ ចំណែកឯម្ចាស់ផ្ទះមានឈ្មោះ ហេង សែ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានដេកលង់លក់នៅក្នុងដំណេកកណ្តាលយប់អធ្រាត្រ ប៉ុន្តែនៅពេលនេះ ម្ចាស់ផ្ទះបានរលឹកឡើង ក៏មានឮសម្លេងក្តូងក្តាងក្នុងផ្ទះ ពេលនោះគាត់បានមើលឃើញអំពីសកម្មភាពជនសង្ស័យ ក៏ចាប់តែម្តង ហើយបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យចាប់ជនសង្ស័យនេះតែម្តង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅជនសង្ស័យបានចូលទៅរើកកកាយក្នុង បន្ទប់របស់ម្ចាស់ផ្ទះ ប៉ុន្តែរករបស់មានតម្លៃអត់ទាន់ឃើញផង ក៏ត្រូវម្ចាស់ផ្ទះឃើញទាន់ចាប់ប្រគល់ឲ្យខាងសមត្ថកិច្ចតែម្តង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ចន្ថា