ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងបុកម៉ូតូកង់បីក្នុងទិសដៅបញ្ច្រាសគ្នា ស្លាប់ឪពុក ចំណែកកូនរបួស​ស្រាល

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់បានបើកម៉ូតូកង់បីដឹកកូនប្រុសអាយុ៥ឆ្នាំពីក្រោយ បញ្ច្រាសទិស​គ្នា ពី​ខាង​ត្បូង ទៅជើង ខណៈនោះម៉ូតូបានគេច ជង្ហុក ក៏ចូលផ្លូវរថយន្ត ក្រុង ៤៥កៅអីដឹកភ្ញៀវចិនមក​ពី​មុខ បុកពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងហេតុ ចំណែកកូនប្រុសរងរបួសស្រាល ។

ហេតុការណ៍នេះ កាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្នុងភូមិចុងកៅសូ៑ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមសាក្សីឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុឃើញម៉ូតូកង់បីដឹកកូន​ប្រុសពីក្រោយ មកពីទិសខាងត្បូង ទៅជើង មកដល់ចំណុច​ កើតហេតុឃើញ ម៉ូតូគេចគំហុក ចូលផ្លូវរថយន្ត បណ្តាលឲ្យរថយន្តក្រុង៤៥កៅអី ដឹកភ្ញៀវ​ចិន មកពីជើងទៅត្បូង បុកម៉ូតូកង់បីពេញទំហឹង ស្លាប់ឪពុកភ្លាមៗនៅហ្នឹងកន្លែង ចំណែកកូន ប្រុសរងរបួសស្រាល សំណាងល្អ រថយន្តដែលដឹកភ្ញៀវចិននោះបានជ្រុលទៅបុកដើមឈើកាស្យា នៅអែបផ្លូវ កុំអីក្រឡាប់ រថយន្ដដឹកភ្ញៀវ ។

លោកវរសេនីយ៍ទោ វ៉ាន់ វីរៈ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់ថាក្រោយពីទទួលបានពត័មាន លោកបានអោយកម្លាំងចុះមក​ដល់កន្លែងកើតហេតុ បញ្ចូលក្មេងទៅសង្រ្គោះនៅមន្ទីរពេទ្យ ប្រគល់សាកសពអោយសាច់ញាតិក្រុមគ្រួសារ រីឯអ្នកបើករថយន្ដក្រុងបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A.៩៧.៤៥ និង ភ្ញៀវចិន ​ពេញ​រថយន្ត ខណៈពេល​នោះ​ឃើញមានរថយន្ត ៤៥កៅអី ផ្សេងទៀតមកសាងយកភ្ញៀវទៅបាត់អស់តែម្តង។

លោក​បានបន្តថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ប៉យ សារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរនៅតាមប្រាសាទអង្គរវត្ត មានទីលំនៅភូមិស្រះស្រង់ជើង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ត សៀមរាប ចំណែក កូនប្រុស មានឈ្មោះ រិន ដាវីន ភេទប្រុស អាយុ៥ឆ្នាំ ត្រូវជាកូនទី៣ ។

បច្ចុប្បន្ន រថយន្ត ៤៥កៅអី បង្ក និង ម៉ូតូកង់បី របស់ជនរងគ្រោះ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប ដើម្បីរក្សាទុករង់ចាំ ជនបង្ករចូលខ្លួនដោះស្រាយ។ ចំណែកសាកសព ជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ក្នុងភូមិ សង្កាត់ខាងលើ៕ ច័ន្ទ រស្មី


ចែករំលែក៖