ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន ពាក់ព័ន្ធករណីប្លន់ ដោយអនុវត្ដន៍តាមដីការបស់សាលាដំបូងខេត្ដ ។ ប្រតិបត្ដិការចាប់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះ អ៊ុយ វិចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៥០ ដកបចខ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ ចុះហត្ថលេខដោយលោក អិន វ៉ានវិបុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទប៉ុនប៉ងប្លន់ ដែលប្រព្រឹត្ដិកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៩ នៅត្រង់ចំណុចភូមិបារ៉េនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា ក្រោយពីជនត្រូវចោទខាងលើនេះបានធ្វើសកម្មភាពប្លន់តែពុំបានសម្រេច ជននេះបានរត់គេចខ្លួនចេញពីមូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំ ដោយពុំដឹងថាទៅរស់នៅឯខេត្ដណានោះទេ ទើបចៅក្រមសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចស្វេងរកចាប់ខ្លួនដើម្បីយកមកដាក់ពន្ធនាគារបណ្ដុះអាសន្នរងចាំការកាត់ទោស ។ លុះមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្រាប់តែសមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យកំពុងរស់នៅក្នុងមូលដ្ឋាន ភ្លាមនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនត្រូវចោទខាងលើនេះដោយអនុវត្ដន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដ យកមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ