ភ្នំពេញ៖ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីហិង្សា (កាប់ប្រើកាំបិតបុ័ងតោ) ទៅកាន់តុលាការចាត់ការតាមច្បាប់ ។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លូន កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចំណតរថយន្តក្រុង រឹទ្ធ មុនី ខាងក្រោយភូមិគ្រឹះឯកឧត្តម ជា សុផារ៉ា ភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណ:ពេល ដែលរូបគេ និងជនរងគ្រោះឈ្មោះ សំ សុខហេង ភេទប្រុស អាយុ ២៥ឆ្នាំ កំពុងប្រតាយប្រតប់គ្នា ដោយក្នុងដៃជនសង្ស័យ មានកាំបិតបុង័តោ ផងដែរ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ត្រង់ខ្នងដៃឆ្វេង ដេរចំនួន២០ថ្នេរ និងទ្រូងខាងឆ្វេងលើដោះ ដេរចំនួន ២០ថ្នេរ ។
ក្រោយសាកសួរ ជនសង្ស័យសារភាពថា មុនពេលកើតហេតុ ខ្លួនបានផឹកស្រាបៀរលីអូ អស់២កំប៉ុង ជាមួយនិងប្អូនៗ រួចបានទៅរៀបចំកន្លែងឲ្យឪពុកខ្លួនសម្រាន្ត ហើយក៏ទៅផឹកស្រាបន្តទៀតនៅតូបលក់គ្រឿងទ្ទេស ដែលមានចម្ងាចប្រហែល ១៥០ម៉ែត្រ ពីចំណតរថយន្តដែលខ្លួនធ្វើការ។ ពេលកំពុងអង្គុយផឹកស្រារួច រូបគេបានដើរត្រឡប់មកទិញបាយនៅចំណតរថយន្តខាងលើ ក៏បានជួប ឈ្មោះ ហេង ដែលជាជនរងគ្រោះ ហើយបាននិយាយសួរនាំគ្នា ទៅវិញទៅមក មួយសន្ទុះក្រោយមកស្រាប់តែមានការទាស់សម្ដីគ្នា រហូតដល់ប្រតាយប្រតប់គ្នាទៅវិញទៅមក ភ្លាមនោះរូបគេបានរត់ទៅទាញកាំបិតបុង័តោដែលគេដាក់នៅលើជ្រុញអ្នកលក់បាយ មកកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ខ្នងដៃឆ្វេង និងទ្រូងខាងឆ្វេងលើដោះ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌឬស្សីកែវធ្វើការឃាត់ខ្លួនជាក់ស្តែងតែម្តង ៕ស តារា