ភ្នំពេញ៖ រថយន្តយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បានបើកក្នុងល្បឿនលឿន ហើយបានជ្រុលបុករថយន្តបែនដឹកថ្មពីក្រោយពេញទំហឹង រួចជ្រុលឡើងទៅលើខឿនសួនច្បារពុះចែកទ្រូងផ្លូវថែមទៀត ខូចខាតយ៉ាងដំណំកាលពីម៉ោង៦និង១០នាទីល្ងាច ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ តាមផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចផ្លូវរថភ្លើងឆ្លងកាត់ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សាក្សីថា រថយន្តដែលបើកបុកគេ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ3A-1539 អ្នកបើកបរនិងព្រូ មិនស្គាល់ឈ្មោះ។ ចំណែករថយន្តដឹកថ្ម ជាប្រភេទរថយន្តបែនទម្ងន់៥តោន រងការខូចាខាតបន្តិចបន្តួច និងបានបើកបន្តដំណើរទៅមុខបាត់ស្រមោល។
សក្សីបន្តថា ឡានទាំងពីរគ្រឿងបើកស្របគ្នា ពីត្បូងទៅជើង ឡានបែនដឹកថ្មបើកពីមុខ ហើយឡានហ៊ីយ៉ាន់ដាយយីឌុបបើកក្រោយ។ លុះដល់ត្រង់ចំណុចកើតហេតុ មានរថភ្លើង១ខ្សែក្នុងទិសដៅពីកើតទៅលិច ហើយខាងបុគ្គលិករថភ្លើងបានបិទប៉ារ៉ាស់មិនឲ្យឆ្លងកាត់។ ពេលនោះ រថយន្តបែនដឹកថ្មបានឈប់រង់ចាំរថភ្លើងឆ្លងកាត់ ស្រាប់តែឡានហ៊ីយ៉ាន់ដាយយីឌុប បុកពីក្រោយ និងបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវថែមទៀត ក្រពឹតកាប៊ីនខូចខាតទាំងស្រុង តែអ្នកបើកបរ និងព្រូមិនរបួសធ្ងន់ធ្ងរឡើយ ហើយនាំគ្នារត់ចោលរថយន្ត។
នគរបាលប៉ុស្ដិ៍សំរោងក្រោមបានរាយការណ៍នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះយកឡានទៅទុក ប្រគល់ឲ្យម្ចាស់ឮជួលជុលឡើងវិញ ៕ សុខាសែនជ័យ