ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែបែនឡានផ្សារកំពង់ថ្ម ទុង គឹមឡា អាងលុយ អាងអំណាចបង្ហូរទឹកលាមកចូលបរិវេណសាលាស្ទឹងជីនិត ផ្ទុះការតវ៉ា

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ លោកគ្រូ អ្នកគ្រូ និងមាតា បិតា ព្រមទាំងសិស្សានុសិស្សចំនួន១៦ថ្នាក់ នៅសាលាបឋមសិក្សាស្ទឹងជីនិត ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានលើកបដាតាមដងផ្លូវជាតិលេខ៦ ក្នុងន័យសូមឲ្យលោកទុងគឹម ឡា ដែលបុរសខ្លាំងឈប់បង្ហូរទឹកស្អុយទឹកលាមកចូលសាលាទៀត ។

ក្នុងនោះដែរថ្មីៗនេះ លោកគ្រូ អ្នកគ្រូ បានចាក់ដីលប់ស្រះមួយកន្លែងនៅក្នុងបរិវេណសាលាដើម្បីឲ្យមានសោភ័ណ្ឌភាព ហើយម៉្យាងវិញទៀតទប់ក្លិនស្អុយក្លិនលាមកដែលលោកទុង គឹមឡា បង្ហូរចូលជាច្រើនឆ្នាំមកហើយ។

លោកគ្រូ សួង គ្រីន នៅសាលាបឋមសិក្សាស្ទឹងជីនិតបានឲ្យដឹងថា មូលហេតុដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតវ៉ានេះ ក្នុងគោលបំណងឲ្យលោកទុង គឹមឡា ថៅ កែបេនឡានផ្សារកំពង់ថ្មឈប់បង្ហូរទឹកស្អុយទឹកលាមកចូលសាលាទៀត ។

លោកគ្រូបានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះទេ លោក ទុងគឹម ឡា បានប្តឹងលោកគ្រូ អ្នកគ្រូទៅតុលាការទៀតផង ដោយចោទថា លោកគ្រូ អ្នកគ្រូចាក់ដីបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋចំនួន៣៥ គ្រូសារ តាមពិតមិនបានលិចផ្ទះអ្នកដែលរស់នៅក្នុងផ្សារនោះទេ លោកទុងគឹមឡា ចោទទាំងបំពាន។

លោកគ្រូ អ្នកគ្រូបានបន្តទៀតថា ពួកគាត់តូចចិត្តណាស់ ចាក់ដីដើម្បីកែសោភ័ណ្ឌភាពសាលាសោះ ហើយក៏ជារបស់សាធារណ: បែរបុគ្គលម្នាក់អាងលុយអាងអំណាចប្តឹងទាំងបំពានទៅវិញ។

អតីតអ្នកបម្រើកាងារឲ្យលោកទុង គឹមឡា ម្នាក់បានបង្ហើបឲ្យដឹងថា អាងស្តុកលាមកនៅក្នុងបេនឡានមានមែន ប៉ុន្តែក្រោមមាត់អាងខាងលើប្រវែង២តឹក គេចោះប្រហូងដាក់ទីបជ័រ ប្រមាណ១៥លីបង្ហូរទឹកស្អុយចូលសាលាបណ្តាលឲ្យសិស្សានុសិស្សមួយចំនួន ទ្រាំមិនបាននឹងក្លឹនស្អុយនេះ សម្រេចដូរសាលាទាំងបង្ខំចិត្ត។

លោក ទុងគឹមឡា មិនអាចទំនាក់ទំនងបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ។

លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស អាណាព្យាបាល សុំណូមពរដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត មេត្តារកដំណោះស្រាយដល់ពួកគាត់ផង ៕ ប៊ុនរិទ្ធី


ចែករំលែក៖