ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឳកាសបញ្ចប់អាណត្តិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក អ៊ិលហាន កេម៉ាល់ តាក(Ilhan Kemal TUĞ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឳកាសលោក បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន មានប្រសាសន៍ថាកម្ពុជា-តួគី មានទំនាក់ទំនងការទូតជាមួយគ្នា ជាយូរមកហើយ ជាពិសេសក្នុងអាណត្តិការទូត របស់ លោក បានធ្វើឲ្យកិច្ចសហប្រតិបត្តិការនានាកាន់តែ ល្អប្រសើរថែមទៀត រវាងប្រទេសទំាងពីរកម្ពុជា-តួគី។

ជាការឆ្លើយតប លោកឯកអគ្គរដ្នទូត បានលើកទ្បើងអំពី ការរឹតចំណងការទូត អោយបានកាន់តែជិតស្និទ្ធ នឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អ។

ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ នឹងការផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសទួរគី នាពេលកន្លងមក។

សម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ទៀតថា បេសកកម្មការទូត ជាប្រវត្តិសាស្រ្តរបស់ លោក បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្តពង្រឹងនិង ពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ឲ្យកាន់តែស្អិតរមួត ។

ក្នុងនាមរដ្ឋសភា សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក បានរួមចំណែកលើកកម្ពស់នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងនយោបាយការបរទេស កាន់តែប្រសើរឡើង។

រដ្ឋសភាកម្ពុជា សូមគាំទ្រដល់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើរួមគ្នា និងសូមជំរុញឲ្យបន្តបង្កើននូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីឧត្តមប្រយោជន៍ ប្រជាជាតិទាំងសងខាង ៕ សហការី


ចែករំលែក៖