ប៉ោយប៉ែត៖ មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ទៅបុករថយន្ត ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ A ឋិតក្នុងភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក អធិការនគរបាលស្រុកស្វាយចេកជា ឆ្លូញបានឲ្យដឹងថា៖ ជនរងគ្រោះស្លាប់ទាំង២នាក់ម្នាក់ ឈ្មោះប៉ុក មឿយ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក បើកបរម៉ូតូទ្រីមពណ៌ខ្មៅសេរីឆ្នាំ2017 ពាក់ផ្លាកលេខ ប.មានជ័យ 1Q.8043 អ្នករួមដំណើរម្នាក់ទៀត ឈ្មោះនេ ឡាម ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិជាមួយគ្នា ជនរងគ្រោះមានពាក់មួកសុវត្ថិភាព។
ចំណែកអ្នកបើរថយន្តត្រូវបានគេស្គាល់ឈ្មោះ លន់ ប៊ុនលើយ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ២ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក់4RUNNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2.I3014 បើកបរពីជើងទៅត្បូង រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ទុកបន្សល់រថយន្ត។
ប្រភពថា មុនពេលកើតហេតុ ជនរងគ្រោះបើកបរម៉ូតូពីត្បូងទៅជើង ហើយបានបើកជែងរថយន្ត១គ្រឿងទៀត ដោយខ្វះការប្រុងប្រយ័ត្ន ក៏ឲ្យជ្រុលទៅបុកនឹងរថយន្តម៉ាក់ 4RUNNER ច្រាសទិសគ្នាជើងទៅត្បូងចំពីមុខ អ្នកបើកម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំង២នាក់។ ចំពោះម៉ូតូ និងរថយន្តត្រូវបានកម្លាំងនគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយតាមច្បាប់ ៕ វណ្ណា