ខេត្តកណ្ដាលៈ យ៉ាងហោចណាស់មនុស្ស២នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលនៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដនិងម៉ូតូ កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១និង៤០នាទី លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ សេង នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពងចាម ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1O-1743 រីឯរថយន្ដមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករថយន្ដរត់គេចខ្លួន ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះផងដែរ ក៏មានរថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តសង្គ្រោះរបស់មន្ទីរសម្ភប ម៉ិញ វុទ្ធី ពណ៌ស ពាក់ស្លាកលេខ កណ្តាល2A-7748 បើកបរដោយឈ្មោះ ផុន ថាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបុកជនរងគ្រោះ២នាក់ទៀត ខណៈដែលជនរងគ្រោះកំពុងជួយធ្វើសកម្មភាពសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ។
ជនរងគ្រោះទទួលរងរបួសខណៈជួយសម្រួលចរាចរណ៍ទាំង២នាក់នោះឈ្មោះ អៀង ផល្លី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិក្ដាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល (រងរបួសធ្ងន់ ) និងម្នាក់ទៀតឈ្មោះ ឃឹម ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកប់ជន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (រងរបួសស្រាល) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះឈ្មោះ សេង នី ជាអ្នកជិះម៉ូតូហុងដាដ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1O-1743 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញទៅកំពង់សោម ) លុះដល់ចំណុចកើតហេតុខាងលើ បានបុកគូថរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកពេញមួយទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ រីឯអ្នកបើករថយន្ដនោះក៏បើករថយន្ដរបស់ខ្លួនរត់គេចបាត់ស្រមោល ។
នៅក្នុងហេតុការណ៍នោះផងដែរ ឃើញដូច្នោះ ក៏មានប្រជាពលរដ្ឋចំនួន៣នាក់ បានឈប់ម៉ូតូរបស់ខ្លួន រួចចុះជួយសង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍ផងដែរ ស្របពេលជាមួយគ្នានោះក៏មានរថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តសង្គ្រោះជារបស់សម្ភប ម៉ិញ វុទ្ធី ដែលមកជួយសង្រ្គោះជនរងគ្រោះនោះ ក៏បានជ្រុលចង្កូតទៅបុកជនរងគ្រោះ២នាក់ដែលកំពុងសម្រួលចរាចរណ៍ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ អៀង ផល្លី ភេទប្រុស អាយុ៣២ឆ្នាំ ទទួលរងរបួសធ្ងន់ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ ឃឹម ធី ភេទប្រុស អាយុ៤០ឆ្នាំ រងរបួសស្រាល ។
ប្រភពដដែលបានបន្ដទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង៣នាក់ត្រូវរថយន្ដសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកអ្នកបើកបរថយន្ដសាមុយដែលជ្រុលបុកគេនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ