ខេត្តបន្ទាយមានជ័យ៖ ក្មេងស្ទាវ២ក្រុមផ្តើមចេញរឿងដណ្តើមស្រីស្នេហ៍គ្នាធ្វើឲ្យភាគីម្ខាងទៀតមានគំនុំយ៉ាងខ្លាំងពួនស្ទាក់ចាំកាប់គូសត្រូវដែលកំពុងជិះម៉ូតូបណ្តើរក្មេងស្រី២នាក់ កាប់ចំ៣ដាវសាម៉ូរ៉ៃបណ្តាលឲ្យរបួសធ្ងន់ ក្រោយពីធ្វើសកម្មហើយជនដៃដល់គេចខ្លួនបាត់អស់ ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រីយ៉ត សុផល អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះរឿន ស៊ីម៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ យ៉ត សុផលបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះជនរងគ្រោះបានជិះម៉ូតូបណ្តើរក្មេងស្រីចំនួន២នាក់ជិះម៉ូតូ១គ្រឿងទៀតពេលជិះមកដល់ផ្លូវបត់ចូលក្នុងភូមិថ្នល់ដាច់ ស្រាប់តែមានយុវជនមិនដឹងមានគ្នាប៉ុន្មាននាក់ជិះម៉ូតូ១គ្រឿង មិនស្គាល់អត្តសញ្ញាណបានជិះតាមពីក្រោយ ហើយបានពួយស្ទាក់កាប់ទៅលើជនរងគ្រោះដោយគ្មានមេត្តា បណ្តាលឲ្យរបួសធ្ងន់ធ្ងរត្រង់ក្បាលផ្នែកខាងក្រោយ១កន្លែងរបួសក្បាលផ្នែកខាងមុខ២កន្លែងក្រោយពីធ្វើសកម្មភាពរួចមកជនរងគ្រោះបានសន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។
ចំណែកជនបង្កពេលធ្វើសកម្មភាពហើយគេចខ្លួនបាត់អស់ ៕