ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌជ្រោយចង្វា ត្រួតពិនិត្យរថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ ជាពិសេសរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស​

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោង០០:០០នាទីរំលងអធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់នេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វា សហការជាមួយមន្ត្រីជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រួតពិនិត្យរថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ ជាពិសេសរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស​ យានយន្តដឹកទំនិញធន់ធ្ងន់ថ្នាក់រាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ ដែលធ្វើចរាចរចេញចូលរាជធានីភ្នំពេញ នៅចំណុចផ្លូវជាតិលេខ៦កែងវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យខាងលើ ជាលទ្ធផល៖ ត្រួតពិនិត្យរថយន្តសរុបបានចំនួន ៩១គ្រឿង ក្នុងនោះ រថយន្តត្រឹមត្រូវតាមច្បាប់ចំនួន ៨៨គ្រឿង ក្រុមការងារអនុញ្ញាតឲ្យធ្វើចរាចរជាធម្មតា និងមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ០៣គ្រឿង ត្រូវបានកម្លាំងចម្រុះមានសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌជ្រោយចង្វា ដើម្បីចាត់ការទៅតាមនីតិវិធីជាធរមាន។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាពីគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតចំពោះបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញបទបញ្ជាយ៉ាងដាច់ណាត់ ស្តីពីចំណាត់ការលើក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់រថយន្តដឹកលើសទម្ងន់ និងប្រើប្រាស់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស។

ការដាក់ចេញនូវបទបញ្ជាខាងលើនេះគឺធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលគម្រោងសាងសង់ស្ពាននិងផ្លូវនេះ គ្រោងចំណាយថវិកាជិត៥៧លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ ៤២ខែ ៕ ស តារា


ចែករំលែក៖