ខេត្តតាកែវ៖ សំណុំរឿងរំលោភសេពសន្ធវៈមួយករណី ត្រូវបានលោក មឿង សារុន អធិការស្រុកសំរោង មិនកសាងបញ្ជូនទៅថ្នាក់លើបែជាផ្អឹបទុក ជាថ្នូរកៅអី៣០ពីជនសង្ស័យ។
ករណីរំលោភសេពសន្ធវៈមួយដែលកើតឡើងកាលពីដើមឆ្នាំ២០១៦ នៅក្នុងភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដែលក្មេងស្រីរងគ្រោះឈ្មោះ ខ សច បច្ចុប្បន្នរៀនថ្នាក់ទី១០ ។
យោងតាមសម្តីម្តាយរបស់ក្មេងស្រីរងគ្រោះឲ្យដឹងថា កូនស្រីរបស់គាត់ត្រូវបានជនសង្ស័យនៅផ្ទះក្បែរគ្នារំលោភបានសម្រេចចំនួន២ដង លើកទី១ ក្នុងខែវិច្ឆិកា ចុងឆ្នាំ២០១៦ ខណៈដែលកូនគាត់ទៅបេះក្រសាំងនៅទួលខាងក្រោយភូមិ និងលើកទី២ ដើមឆ្នាំ២០១៧ នៅខាងក្រោយផ្ទះ ហើយបានគំរាមកូនស្រីរបស់គាត់មិនឲ្យប្រាប់នរណាទេ បើហ៊ានប្រាប់ គេនឹងសម្លាប់ចោលទាំងអស់ ដែលជនសង្ស័យឈ្មោះ ឡី អាយុ២៥ ឆ្នាំ ជាអ្នករស់នៅក្បែរគ្នា។
ប្រភពបន្តទៀតថា គាត់អត់បានដឹងទេរឿងនេះ ទាល់តែកូនស្រីរបស់គាត់ពោះធំជិតគ្រប់ខែទៅហើយ ទើបគាត់ដឹង ហើយគាត់បានយកកូនគាត់ទៅលួចលាក់ឆ្លងទន្លេនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសំរាលបានកូនស្រីមួយ ហើយបច្ចុប្បន្ននេះ កូនស្រីនេះ មានអាយុ៣ខែទៅហើយ ក្រោយពេលបែកធ្លាយគាត់បានទៅដាក់ពាក្យបណ្តឹងនៅអធិការស្រុកសំរោង ហើយរហូតមកទល់ពេលនេះ ខាងអធិការនៅមិនទាន់មានចំណាត់ការបែបណាទៅលើជនសង្ស័យនៅឡើយ ហើយបែរជាផ្អឹបសំណុំរឿងរបស់គាត់មិនបញ្ជូនទៅថ្នាក់លើទៀត ដោយក្នុងពាក្យបណ្តឹងគាត់ទាមទារសំណងចំនួន៥ពាន់ដុល្លារ និងឲ្យសមត្ថកិច្ចអនុវត្តទៅតាមច្បាប់ទៅលើជនសង្ស័យ។
មន្ត្រីជំនាញព្រហ្មទណ្ឌ នៃអធិការស្រុកសំរោងជាច្រើននាក់ សុំមិនបញ្ចេញឈ្មោះ តាមពាក្យបណ្តឹងខាងលើ គឺមន្ត្រីជំនាញបានសួរចម្លើយទៅលើជនសង្ស័យ និងតាមសម្តីរបស់ក្មេងស្រីរងគ្រោះ គឺអាចសន្និដ្ឋានបានថា ជនសង្ស័យពិតជាបានរំលោភទៅលើក្មេងស្រីរងគ្រោះពិតមែន និងមានអង្គហេតុគ្រប់គ្រាន់អាចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តតាកែវបាន ប៉ុន្តែដោយសារតែលោក មឿង សារុន អធិការស្រុកសំរោង មានការត្រូវរ៉ូវគ្នាជាមួយជនសង្ស័យ ទើបមិនឲ្យពួកគាត់(សមត្ថកិច្ច)បញ្ជូនសំណុំរឿងទៅ ហើយនិយាយថា ភស្តុតាងមិនទាន់មានគ្រប់គ្រាន់ដើម្បីបញ្ជូនបាន ប៉ុន្តែលោកអធិការ ក៏មិនបានឲ្យមន្ត្រីជំនាញបន្តនីតិវិធីស៊ើបអង្កេតលើសំណុំរឿងនេះទៀតដែរ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ មិនអាចសុំការបំភ្លឺពីលោក មឿង សារុន អធិការស្រុកសំរោង បានទេ ដោយទូរស័ព្ទរបស់លោកខលពុំចូល ។ ចំណែកលោក សួន ផុន ស្នងការរងទទួលបន្ទុកផែនយុត្តិធម៌កណ្តាលនៃស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីខាងលើជាករណីបទឧក្រិដ្ឋ ព្រោះក្មេងស្រីរងគ្រោះគឺជាអនីតិជន ចំពោះមន្ត្រីនគរបាលយុត្តិធម៌ដែលមិនមានចំណាត់ការឬឃុបឃឹតជាមួយជនសង្ស័យ និងមិនបញ្ជូនសំណុំរឿងមកថ្នាក់លើដើម្បីស៊ើបអង្កេត និងស្រាវជ្រាវបន្ត គឺខុសធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ខ្លួនជាមន្ត្រីយុត្តិធម៌ ហើយលោកនឹងស្រាវជ្រាវស៊ើបអង្កេតនៅលើសំណុំរឿងនេះ ដើម្បីចាត់ការតាមច្បាប់ ។
យោងតាមប្រភពបែកធ្លាយពីអធិការស្រុកសំរោង បានឲ្យដឹងថា សំណុំរឿងនេះលោកអធិការស្រុកសំរោង បានទទួលសំណូកពីជនសង្ស័យចំនួន៣០កៅអី ដែលភាគីជនសង្ស័យបានយកមកអោយអធិការដ្ឋាននៅដើមឆ្នាំ២០១៨នេះ ដែលមានលោក វង់ ង៉ែត អធិការងទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ជាអ្នកទទួលពីភាគីជនសង្ស័យ ៕ ភ្នំដា