ជាទូទៅនៅស្រុកខ្មែរឲ្យតែរដូវចូលឆ្នាំចិន-វៀតណាម មកដល់គឺមានមនុស្សមួយចំនួន បានរៀបនំចំណី អាហារ មាន់ ទា ជ្រូកខ្វៃ សែនដូនតាសុំសេចក្តីសុខ សប្បាយរកទទួល ទានមានបានតាមជំនឿដែលខ្លួនមាន ទោះបីដឹងថាខ្លួនឯងមានឈាមជ័រជាខ្មែរស្បែកខ្មៅឃ្លីកដូចក្តិតឆ្នាំងក៏ដោយធ្វើម៉េចឲ្យតែគេឃើញថាខ្លួនមានសែស្រឡាយជាចិននឹងគេដែរ ។
ពេលឃើញខ្មែរខ្លះចង់ជាប់សែស្រឡាយចិនយ៉ាងនេះ នាយជាលនឹកឃើញកាលអំឡុងទសវត្សឆ្នាំ៨០ ក្នុងសម័យកាលរដ្ឋកម្ពុជា ដែលពេលនោះជាសម័យសម្រឹតសម្រាំងកម្មាភិបាលបញ្ចូលជា ស្នូល និងបក្ខជន ហើយមានសារាចរណ៍លេខ៣៥១ ណែនាំមិនឲ្យកម្មាភិបាលណា មានជាប់សែស្រឡាយចិនដាច់ខាត ហើយបើមានជាប់សែស្រឡាយនេះមែន អ្នកនោះមិនអាចបញ្ចូលជា ស្នូល បក្ខជន ជាកម្មាភិបាលកំពូលដាច់ខាត ។
ពេលនោះមានកម្មាភិបាលខ្លះ ហេតុតែចង់ក្លាយជាកម្មាភិបាលកំពូល ខ្លួនមានឈាមជ័រសែ ស្រឡាយចិន សាច់សដូចសំឡី ភ្នែកតឹងដូចនាយកុយ និងមានឈ្មោះបែបអាហ៊ា អាមួយ សោះ នាំគ្នាសរសេរប្រវត្តិរូបកែឈ្មោះមកជាខ្មែរ អាខ្មៅ អាក្រូច អាពោន អាសុក្រ អាសៅ អ៊ីចឹងទៅ ។ លុះ មកដល់ពេលនេះជាសម័យសំបូរសប្បាយ ស្រុកទេសមានសន្តិភាពពេញលេញ បែរជាខ្មែរសាច់ខ្មៅខ្លះចង់ស្លឈាមចង់ជាប់សាច់ឈាមចិន ហើយបានរៀបចំចូលឆ្នាំ ចូលខែ ដូចចិន វៀតណាម ដែរ ។
នាយជាលគិតថា ជំនឿរបស់បុគ្គលនីមួយៗ ជាសិទ្ធរបស់អស់លោក ហើយជំនឿទាំងនេះកើតឡើងតាមសម័យកាល ហើយទោះបីខ្មែរ ខ្លះចង់ជាប់សាច់ឈាម ចិន វៀតណាម ក៏ដោយចុះ តែកុំភ្លេចយើងមានកំណើតពីខ្មែរ មិនត្រូវ បំភ្លេចប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ខ្មែរនោះទេ។ អ្វីដែលនាយជាលចង់បាននោះ គឺពេលសែនចូលឆ្នាំចិនខាងមុខនេះ កុំឲ្យមានពាក្យ ថា « ចូលឆ្នាំចិន ស្រវឹងខ្មែរ » បានន័យថា បើផឹកគ្រឿងស្រវឹង ក្លែមសំណែនដូនតាហើយ មេត្តា កុំឈ្លោះប្រកែក កាប់ចាក់គ្នា លែងស្គាល់មិត្តភក្តិ ប្តីប្រពន្ធ បងប្អូន ជាពិសេសនាយជាល មិនចង់ឃើញ ឬឮ នឹងត្រចៀកថាមានគ្រោះថ្នាក់ចរាចរណ៍ដោយសារ « ចូលឆ្នាំចិនស្រវឹងខ្មែរ» នោះទេ ។ នាយជាល ចង់បំបាត់ពាក្យ ចូលឆ្នាំចិនស្រវឹងខ្មែរដែលកើតមានរាល់ឆ្នាំបានអត់ ? នាយជាល