ខេត្តកំពង់ធំ៖ ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ន សមត្ថកិច្ចបាន សហការណ៍ជាកំលាំងចម្រុះចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញាណ១១នាក់នៅល្ងាច ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុច ជាប់ខារ៉ាអូខេក្រោយស្តាតចាស់ ភូមិក្តី សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្ត កំពង់ធំ ។
ការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងក្រោមការបញ្ជាពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពងធំ និងលោក ឩត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដឹកនាំបង្រ្កាប់ដោយលោក វរសេនីយ៍ទោ ងួន ហៀង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យជួញដូរចំនួន៣នាក់ និងអ្នកប្រើប្រាស់ចំនួន៨នាក់ ព្រមទាំថដកហូតវត្ថុតាងរួមមាន ១.ម្សៅក្រាមពណ៌ស ចំនួន ៤ ក្រាម មានសារធាតុញៀនក្នុងខ្លួន, ២.ម៉ូតូ ចំនួន ៧ គ្រឿង , ៣.ទូរស័ព្ទ ចំនួន ១២ គ្រឿង , ៤.ប្រាក់រៀល ៦០០ ០០០រៀល (ហុកសិបមុឺនរៀល) និង ដុល្លាអាមេរិក $ ២១៥ (ពីររយដប់ប្រាំដុល្លា)។
លោកវរសេនីយ៍ទោ ងួន ហៀង បានបញ្ជាក់ថា យោងតាមរបាយការណ៍ដើមឆ្នាំនេះស្ថានភាពបទល្មើសគ្រឿងញៀនក្នុងខេត្តថយចុះ ក៏ពិតមែន តែគេសង្កេតឃើញវាបានកំពុងរីកដល់ជនបទ ហេតុនេះ លោក សូមអំពាវនាវដល់មហាជន ប្រជាពលរដ្ឋមេត្តាបន្តចូលរួមសហការទាំងអស់គ្នាទប់ស្កាត់ប្រឆាំងបទល្មើសនេះអោយបានជោគជ័យបន្ដទៀត ៕ ប៊ុន រិទ្ធី