ខេត្តឧត្តរមានជ័យ៖ ដុតភ្លើងទៀនទុក្ខចោលអគ្គិភ័យបានឆេះលំនៅឋាន១ខ្នង ដែលមានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រធ្វើអំពីឈើ ប្រក់សង្កសីត្រូវបានអគ្គិភ័យឆាបឆេះហ្មត់ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិ អូររំដេង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
តាមការរៀបរាប់ពីម្ចាស់ផ្ទះឈ្មោះ ឈាង ផាច ភេទប្រុស អាយុ៤៨ឆ្នាំ ជាអនុប្រធានភូមិអូររំដេង មានប្រពន្ធឈ្មោះ ម៉ប់ សីុណា អាយុ៥១ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារបាននាំគ្នាទៅលេងបុណ្យបញ្ចុះខណ្ឌសីមា នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ហើយបានដុតភ្លើងទៀនទុកចោលក្នុងផ្ទះ នៅពេលត្រឡប់មកវិញ ភ្លើងបានឆាបឆេះផ្ទះអស់តែម្តង ។
ប្រភពបន្តថា សម្ភារដែលនៅក្នុងផ្ទះត្រូវបាត់បង់ រួមមាន ម៉ូតូម៉ាកវ៉េវ ចំនួន២គ្រឿង សាឡុង១ឈុត និងទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះមួយចំនួនធំទៀត ត្រូវបានខូចខាតទាំងស្រុង ។
នៅក្នុងហេតុការណ៍គ្រោះដោយអគ្គិភ័យនេះ ប៉ូលិសបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង ក្នុងការជួយអន្តរាគមន៍ផងដែរ តែមិនអាចគ្រប់គ្រងសភាពការណ៍ ព្រោះភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរយៈពេលខ្លីបំផុត តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ ។
គួរបញ្ជាក់ថា ចាប់ពីរដូវប្រាំងបានឈានចូលមកដល់ នៅដើមខែកុម្ភៈ អគ្គិភ័យបានកើតឡើងចំនួន៣ករណី នៅក្នុងស្រុកត្រពាំងប្រាសាទ ព្រមទាំងបានឆាបយកជីវិតមនុស្ស៣នាក់ ម្ដាយនិងកូនស្រី ៕ ប៉ែន នួន