ខេត្តឧត្តរមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ ជិះទូកទៅលើកលប ក៏កើតខ្យល់គរ បណ្តាលឲ្យធ្លាក់ចូលទៅក្នុងទឹកប្រឡាយ លង់ទឹកស្លាប់។
ករណីនេះ កើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ ពុធ ខេង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ។
បើតាមសាក្សីបានឲ្យដឹងថា ជ នរងគ្រោះជិះទូកទៅលើកលបដូចសព្វដង លុះនៅព្រឹកកើតហេតុ ក៏កើតខ្យល់គរ ធ្លាក់ចូលទឹក បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ នគរបាលស្រុកអន្លង់វែង បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យរួច បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន