ព័ត៌មានទាន់ហេតុការណ៍៖

ជនអនាថាម្នាក់ត្រូវម៉ូតូបុកស្លាប់នៅកណ្ដាលផ្លូវហើយម៉ូតូបង្កជិះគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរតាមដងផ្លូវ២០A ភូមិស្ដីសម្បត្ដិ សង្កាត់គងណយ ខណ្ឌដង្កោ បានភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលឃើញបុរសម្នាក់ ដែលគេអះអាងថា ជាមនុស្សអនាថា តែងតែដើរតាមផ្លូវជារៀងរាល់ថ្ងៃនោះត្រូវម៉ូតូបុកស្លាប់ភ្លាមៗនៅកណ្ដាលផ្លូវយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសខាងលើនេះ មិនស្គាល់អត្ដសញ្ញាណនោះទេ ។

សមត្ថកិច្ចបានបន្ដទៀតថា នៅវេលាម៉ោងប្រហែល១២យប់ សមត្ថកិច្ចបានចុះល្បាតក្នុងភូមិសាស្រ្ដដើម្បីទប់ស្កាត់បទល្មើស ក៏បានជួបបុរស ដែលស្លាប់ខាងលើនេះ សមត្ថកិច្ចបានឃាត់ឲ្យដេកនៅក្នុងវត្ដសាកអំពៅ ពេល ដែលបុរសខាងលើនេះ ដេកលក់សមត្ថកិច្ចក៏ចេញល្បាតបន្ដទៀត លុះដល់វេលាម៉ោងកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកបុរសអ្នកដើរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

តាមសម្ដីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅវេលាប្រមាណជា៥ភ្លឺ គេបានឃើញបុរសអនាថានេះ បានឈរមុខផ្ទះកន្លែងលក់ជី ត្រូវបានគេដេញឲ្យចេញពីមុខផ្ទះ ក៏បុរសខាងលើនេះ ដើរមកដល់ចំណុចកើតហេតុ ក៏ត្រូវម៉ូតូបុកស្លាប់ ចំណែកឯម៉ូតូបង្ក បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌដង្កោបានទាក់ទងសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យលើសាកសព ដើម្បីយកសាកសពទៅតម្កល់នៅវត្ដទឹកថ្លាធ្វើបុណ្យជូនគាត់ឲ្យបានសមរម្យ ៕ ភារ៉ា ដង្កោ


ចែករំលែក៖