ភ្នំពេញ៖ ការបង្ក្រាបល្បែងស៊ីសងទៅលើទីតាំងកត់កន្ទុយលេខកន្លង នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៏ត្រូវបានមតិរិះគន់បានប្រតិកម្មថា បង្ក្រាបបានតែកន្លែងតូចតាច ដើរកត់តាមផ្សារ ឬតុជ្រកក្រោមតំបូលផ្ទះតូចៗ តំបូលផ្សារ ដែលទទួលបានកម្រៃជើងសារគ្រាន់ទិញម្ហូប និងឲ្យលុយកូនទៅរៀនបន្តិចបន្តួចប៉ុណ្ណោះ។ ត្រង់ទីតាំងគេកត់នៅក្នុងផ្ទះជាមេធំៗ ជាច្រើនកន្លែង អាជ្ញាធរហាក់បីដូចជាមើលរំលងួទៅវិញ ដូចជា៖ ផ្ទះមេធំនៅមុខសាលាបឋមសិក្សាសន្សំកុសល ផ្លូវបេតុ៥១BT ផ្លូវបេតុង២៨BT និងកន្លែងហាត់ប្រាណជាដើម ។
នៅពេលប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យតែងតែបានលើកឡើងជុំវិញបញ្ហាល្បែងស៊ីសងកន្ទុយលេខ។ ការលើកឡើងរបស់លោកអភិបាលខណ្ឌមានជ័យ ហាក់ដូចជាគ្មានប្រសិទ្ធភាពត្រង់ថា នាយនគរបាលប៉ុសិ៍្ត លោកចៅសង្កាត់ ជួយលាក់បាំងជ្រកក្រោមស្លាកកន្ទុយឆ្នោតខ្មែរ ។
ល្បែងកន្ទុយលេខវៀតណាម បច្ចុប្បន្នមានមេធំៗកាច់កុងគ្នាក្នុងរបរមួយនេះ ហើយមេធំៗ បើតាមប្រភពត្រូវបានគេស្គាល់ឈ្មោះ ព្រីង និងឈ្មោះ លីន ពួកគេបានដាក់ពង្រាយកូនកញ្ច្រែងគ្រប់កន្លែងក្នុងខណ្ឌទាំង១២ ហើយគេហ៊ានធានាទៅលើការងារបង្ក្រាបរបស់សមត្ថកិច្ច និងតុលាការទៀតផង ។
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ទីតាំងណេត២៤ម៉ោង ល្បែងកន្ទុយលេខ ជាដើម។
ដោយឡែកនៅក្បែរវត្តចាក់អង្រែលើ និងចាក់អង្រែក្រោម មានល្បែងស្ទួចប្រេងក្រឡា ជំនួសល្បែងយូគី ។ លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បានសន្យាថា នឹងចុះបង្ក្រាបរាល់ល្បែងស៊ីងសងខុសច្បាប់ ហើយករណីល្បែងស្ទួចប្រេងក្រឡានៅក្នុងភូមិយួនជួរមាត់ទន្លេ តែលោករង់ចាំការសហការជាមួយគណៈបញ្ជាការខណ្ឌសិន។ ជាមួយគ្នានេះផងដែរ ល្បែងអាប៉ោង ក៏កំពុងដំណើរការយ៉ាងរលូនផងដែរ នៅភូមិព្រែកតាគង់ ក្រុម១១ សង្កាត់ចាក់អង្រែលើ។
ទោះបីជាយ៉ាងនេះក្តី ករណីល្បែងស៊ីសងលោកអភិបាលខណ្ឌមានជ័យបានសន្យាថា លោកបានដាក់បញ្ជាឲ្យមានរបាយការណ៍មកគណៈបញ្ជាកការឯកភាពរដ្ឋបាលជាប្រចាំ ដើម្បីងាយស្រួលចាត់វិធានការ៕ តាឡឹម