ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានការបែកធ្លាយមកថា ឈ្មោះគឹម ប្រុស និងឈ្មោះ ហង្ស នៅតែល្បីឈ្មោះ ខ្លាំងក្នុងការ កៀងគរពលករខ្មែរឆ្លងដែនចូលទៅលួចកាប់ឈើគ្រញូងនៅទឹកដីថៃ នៅតំបន់ទិសទីពីរយោធភូមិភាគទី៤ សមរភូមិមុខ ក្នុងភូមិទំនប់អភិវឌ្ឍន៍ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
សកម្មភាពរបស់មេឈ្មួញល្បីឈ្មោះទាំងពីរនាក់ខាងលើ បានធ្វើសកម្មភាពនៅតំបន់ខាងលើអនាធិបតេយ្យ ច្រើនឆ្នាំមកហើយ ដោយកំពុងរងការចោទ និងសង្ស័យថា មានការត្រូវរ៉ូវគ្នាជាមួយកងកម្លាំងសមត្ថកិច្ចឈរជើងនៅតំបន់ខាងលើ ។
ដោយប្រភពបានបង្ហើបឲ្យដឹងថា ឈ្មោះគឹម ប្រុស ជាអ្នកចេញមុខសំពាយប្រាក់ រត់ការទៅដល់សមត្ថកិច្ចជាច្រើនស្ថាប័ន រីឯឈ្មោះ ហង្ស ជាអ្នកដើរប្រមូលកៀងគរពលករឆ្លងដែនទៅលួចកាប់ឈើគ្រញូង ។
សមត្ថកិច្ទដែលឈរជើងនៅតាមបន្ដាត់ព្រំដែននោះ បានឲ្យដឹងថា មិនអាចបន្ទោសពួកគាត់បានទេ ដោយមេឈ្មួញទាំងពីរនាក់នេះ មានខ្សែធំៗណាស់ ទើបពួកគាត់មិនហ៊ានបង្ក្រាបឡើយ ៕ ប៉ែន នួន