ភ្នំពេញ ៖ ភ្លៀងមួយមេធំដោយលាយឡំនឹងខ្យល់កន្រ្កាក់ខ្លាំងផងនោះ បណ្ដាលឲ្យដើមអំពិលទឹកមួយដើមដួលរលំដល់គល់កាត់ទទឹងផ្លូវ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះឡើយ ។
ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៧៨ នៅចំណុចរបងវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង៩យប់ ស្រាប់តែមានខ្យល់កន្ត្រាក់ហើយមេឃភ្លៀងមួយមេធំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋភ័យខ្លាច និងព្រួយបារម្ភ ស្រាប់តែមានដើមអម្ពិលទឹកមួយដើមបានដួលរលំកាត់ទទឹងផ្លូវ ប៉ុន្តែមិនបង្កឲ្យមានអ្នកធ្វើដំណើរកាត់តាមផ្លូវនោះរងរបួសឡើយ ។
ក្រោយកើតហេតុប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន មកមើលទីតាំងកើតហេតុ ដើម្បីចុះកាប់ដើមអម្ពិលទឹកនោះចេញពីលើផ្លូវ ជៀសវាងនិងការកកស្ទះចរាចរណ៍នៅពេលព្រឹកផងដែរ ៕ស តារា