ខេត្តព្រះសីហនុ: ទូកនេសាទ១គ្រឿង ដែលមានម្ចាស់ទូកឈ្មោះ វ៉ាន់ សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកនេសាទ មានទីលំនៅភូមិ១ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហននុ ខណៈកំពុងនេសាទតាមសមុទ្រដោយ ប្រើប្រាស់អួនអូសយកត្រី និងក្តាម ស្រាប់តែក្នុងអួននោះជាប់សាកសពបុរសម្នាក់បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។
ករណីអូសអួនជាប់សពមនុស្សនេះបានកើតឡើងកាលពីព្រឹក ថ្ងៃសៅរ៍ ១០ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅក្នុងផ្ទៃសមុទ្រ ត្រង់ចំណុចត្រីវិសយ័លេខ ៣៥.៤៥ ហើយក្រុមអ្នកនេសាទក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីអូសសពតាមទូកមកលើគោក។ សាកសពបុរសនេះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានអាយជាង៤០ឆ្នាំ ស្លៀកខោជើងខ្លីពណ៌ត្រេអ៊ី ពាក់អាវយោធាដៃវែង និងពាក់យឺតពណ៌ខៀវ ឆ្នូត ស ខាងក្នុង ព្រមទាំងមានសក់ស្លូត ។
ភ្លាមៗនោះ សមត្ថកិច្ចស្រុកស្ទឹងហាវ បានចេញស្រង់យកសាកសព មករក្សាទុកនៅចំណុចអ៊ូរទូក ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ ដើម្បីទុកឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ និងកំពុងស្រាវជ្រាវរកករណីនេះជាករណីស្លាប់ដោយឃាតកម្ម ឬលង់ទឹក ។
សមត្ថកិច្ចក៏បានអំពាវនាវរកសាច់ញាតិផងដែរ បើបងប្អូនណាបាត់សមាជិកដែលមានភិនភាគដូចខាងលើ សូមទៅទំនាក់ទំនងជាមួយ នគរបាល ស្រុកស្ទឹងហាវ ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាមសមុទ្រ