ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងដឹកសត្វស្វាសមត្ថកិច្ចចាំស្ទាក់ឃាត់បានតែម៉ូតូមនុស្សគេចខ្លួនចូលព្រៃបាត់ស្រមោល

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ម៉ូតូជនសង្ស័យចំនួនពីរគ្រឿងកំពុងជិះធ្វើដំណើរដឹកសត្វស្វានៅក្នុងព្រៃឃុំមេម៉ង់ ត្រូវបានកម្លាំងប៉ុស្តិ៍សហការជាមួយស្នាក់ការបរិស្ថានប្រចាំឃុំមេម៉ង់ និងកងរាជអាវុធហត្ថស្នាក់សន្តិសុខ៧៦៤ស្ទាក់ឃាត់បានមនុស្សរត់បាត់ស្រមោល ។

ការស្ទាក់ឃាត់បានម៉ូតូដឹកសត្វស្វានោះធ្វើឡើងនៅវេលាម៉ោង០៤និង០៤នាទីទៀបភ្លឺ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមភ្នំកាច់ករ ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពពីមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូសង័្សយចំនួន២គ្រឿងម៉ូតូទី ១ ម៉ាកExciter (ពណ៌ក្រហម) ម៉ូតូទី២ ឆ្លាមកែច្នៃហើយបានឆែកឆេរឃើញមានសត្វស្វាចំនួន៣២ក្បាល ងាប់៨ក្បាល ដែលជាប្រភេទស្វាស្រូវ ឯម្ចាស់ម៉ូតូរត់គេចខ្លួនចូលព្រៃបាត់ហើយ នៅពេលឃើញសមត្ថកិច្ច ចាំស្ទាក់ត្រង់ចំណុចខាងលើ ។

ម៉ូតូយកមករក្សាទុកនៅស្នាក់ការបរិស្ថាន ឯសត្វស្វាដែលនៅរស់បានយកទៅលែងត្រង់ចំណុចអូរឆាង ក្នុងភូមិពូញ៉ាវ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ស្វាដែលងាប់យកទៅដុតបំផ្លាញចោលផងដែរ ៕ ជីវន្ត


ចែករំលែក៖