ព័ត៌មានទាន់ហេតុការណ៍៖

យកចិញ្ចៀនទៅបញ្ចាំបងថ្លៃ២០ដុល្លារ ព្រោះខ្វះលុយទៅមើលម្តាយឈឺ ឈ្លោះប្រកែកគ្នាផ្អើលសមត្ថកិច្ចឃាត់ខ្លួនទាំងអស់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិខ្មែរ ដោយមានបងថ្លៃជាជនជាតិវៀតណាម និងបើកល្បែងស៊ីសងផងដែរនោះ រូបគេក៏បានយកចិញ្ចៀនទៅបញ្ចាំ ឲ្យបងថ្លៃជនជាតិវៀតណាមក្នុងតម្លៃ២០ដុល្លារ ព្រោះខ្វះលុយទៅមើលម្តាយឈឺនៅមន្ទីរពេទ្យ ស្រាប់តែយកចិញ្ចៀនប្អូនថ្លៃទៅលក់បាត់ បង្កឲ្យឈ្លោះប្រកែកគ្នាផ្អើលសមត្ថកិច្ច ឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលទាំងអស់តែម្តង ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទីតាំងកន្លែងបើកល្បែងស៊ីសង ទល់មុខសាលាសង្កាត់ចោមចៅ១ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ឈ.រ.ស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុប្រមាណ២ខែមកហើយ រូបគេបានយកចិញ្ចៀនផ្លាកទីនមួយវង់ទិញតម្លៃ៤៥ដុល្លារយកទៅបញ្ចាំ បុរសម្នាក់ជាជនជាតិវៀតណាម និងត្រូវជាបងថ្លៃ ឈ្មោះ អាហៅ មុខរបរលក់កាហ្វេលក់បាយ នៅមុខតាបប៊ីយ៉ាកន្លែងកើតហេតុខាងលើ ដោយបញ្ចាំក្នុងតម្លៃ២០ដុល្លារ ព្រោះខ្វះលុយយកទៅមើលជម្ងឺម្តាយនៅមន្ទីរពេទ្យ ។

បុរសរងគ្រោះបន្តទៀតថា ការយកចិញ្ចៀនទៅបញ្ចាំនោះ គឺមិនមានធ្វើលិខិតស្នាមអីនោះទេ ពេលយកលុយបង្គ្រប់ទៅមើលជំងឺម្តាយហើយរូបគាត់យកម្តាយទៅមើលជម្ងឺបន្ត នៅស្រុកកំណើតអស់រយៈពេលជាង២ខែទើបគាត់មកនៅផ្ទះជួលនៅភូមិកើតហេតុវិញ ។ លុះនៅវេលាម៉ោងកើតហេតុជនរងគ្រោះបានទៅហូបបាយឆានៅមុខតាបប៊ីយ៉ាកន្លែងកើតហេតុខាងលើស្រាប់តែបងថ្លៃ និងបងបង្កើតជនជាតិវៀតណាមខាងលើមកទារលុយពីគាត់ដោយសួរថា «តើលុយខ្ចីនៅមុខប្អូនគាត់ថ្ងៃមុនថ្ងៃណាសង?» ពេលនោះជនរងគ្រោះបានសួរវិញថា «តើចិញ្ចៀនបញ្ចាំនៅឯណា?» ជនជាតិវៀតណាមឆ្លើយថា «ពួកគាត់មិនដឹងទេ ឲ្យតែលុយ២០ដុល្លារគាត់មកកុំនិយាយរឿងចិញ្ចៀន» ជនរងគ្រោះក៏និយាយថា មិនឱ្យចិញ្ចៀនវិញផងចង់យកលុយទៀត ។

ប្រភពព័ត៌មានបានបន្តទៀតថា ភ្លាមៗនោះជនជាតិវៀតណាមដែលត្រូវជាបងបានចាប់ក្របួច.កអាវជនរងគ្រោះហើយដកយកអាយកូមទៀត បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទហៅសមត្ថកិច្ចមកអន្តរាគមន៍ភ្លាមៗ ហើយបាននាំជនជាតិវៀតណាម និងជនរងគ្រោះទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំតែម្តង ។

បន្ទាប់ពីទៅដល់ប៉ុស្តិ៍នគរបាល ហើយសមត្ថកិច្ចបានធ្វើការសាកសួរ បុរសជនជាតិវៀតណាមឆ្លើយបដិសេធថា មិនបានក្របួច.កអាវជនរងគ្រោះឡើយហើយក៏មិនបានយកអាយកូមរបស់គាត់ដែរ ។ ចំណែកប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះក៏បានអះអាងថា ពួកគេបានឃើញបុរសជនជាតិវៀតណាមខាងលើប្រាកដជាបានក្របួច.កអាវជនរងគ្រោះមែន ហើយនឹងបក្ខពួកបានដកយកអាយកូម ពីជនរងគ្រោះថែមទៀត បន្ទាប់មកសមត្ថកិច្ចបានយកអាយកូមពីបក្ខពួកជនបង្ក រួចប្រគល់ឲ្យជនរងគ្រោះវិញផងដែរ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ប៉ុន្តែដោយសមត្ថកិច្ចយល់ឃើញថាគ្រាន់តែជារឿងបន្តិចបន្តួចក៏ធ្វើការសម្របសម្រួលគ្នាបញ្ជប់រឿងតែម្តង ហើយឲ្យទៅផ្ទះវិញរៀងៗខ្លួន ៕ សុខា សែនជ័យ


ចែករំលែក៖