ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង លំនៅស្ថានប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ។
យោងតាមប្រភពពីលោកវរសេនីយ៍ទោ ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះលោកយាយ ឈ្មោះ ចាន់ ស៊ីដា អាយុ៦៤ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទំហំប្រវែង៦គុណ៧ម៉ែត្រសង់ពីឈើប្រកស័ង្កសី ។
ក្នុងនោះខូចខាតទ្រព្យសម្បត្តិទាំងស្រុង រួមមានមាស២ជី,លុយខ្មែរ៩០ម៉ឺនរៀល ។
សមត្ថកិច្ចបន្តទៀតថា ពាក់ព័ន្ធនឹងករណីអគ្គិភ័យខាងលើនេះដែល សមត្ថកិច្ចកំពុងស្រាវជ្រាវអំពីមូលហេតុនៃការឆេះនេះបណ្ដាលឲ្យមកពីអ្វី ៕ សហការី