ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីរំលោភលើទំនុកចិត្ដ ក្រោយពីបុរសសង្ស័យខាងលើនេះ បានខ្ចីម៉ូតូគេជិះមួយភ្លែត តែបែជាទៅបញ្ចាំនៅរាជធានីភ្នំពេញ ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខុម ផល្លា ហៅ ខ្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលបិតស្កុតម៉ូតូ រីឯជនរងគ្រោះឈ្មោះ អ៊ុច សុខណា ហៅស្នា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកសម្ភារៈបាត់បង់មានម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ ស៊េរី២០០៦ ពាក់ស្លាកលេខភ្នំពេញ 2K-0039 ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះទៅផឹកកាហ្វេនៅផ្ទះរបស់ឈ្មោះ រ៉ា រ៉ុន ដែលស្ថិតទល់មុខផ្ទះជនសង្ស័យក្នុងភូមិឃុំកើតហេតុ លុះជិះមកដល់ចំណុចមុខផ្ទះជនសង្ស័យ ស្រាប់តែជនសង្ស័យបានហៅជនរងគ្រោះឲ្យឈប់ ហើយនិយាយថា សុំខ្ចីម៉ូតូជិះទៅភូមិព្រែកក្របៅទី១មួយភ្លែត ភ្លាមនោះដោយទុកចិត្ដ ជនរងគ្រោះក៏យល់ព្រមឲ្យម៉ូតូទៅជនសង្ស័យជិះទៅ ។ លុះយូរៗទៅមិនឃើញជនសង្ស័យយកម៉ូតូត្រឡប់មកឲ្យខ្លួនវិញ រហូតមកដល់ថ្ងៃទី១៩ ខែមីនាឆ្នាំ២០១៨ ជនរងគ្រោះបានដាក់ពាក្យប្ដឹងសមត្ថកិច្ចដើម្បីចាប់ខ្លួនជនសង្ស័យ ។
ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ រួចយកមកសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំពិល ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូជនរងគ្រោះប្រាកដមែន ក្រោយពីខ្ចីរួច ខ្លួនបានជិះម៉ូតូនោះទៅរាជធានីភ្នំពេញ ដើម្បីយកទៅបញ្ចាប់ ក្នុងតម្លៃ១២០ដុល្លារសហរដ្ឋអាមេរិក ហើយយកលុយនោះទៅចាយវាយអស់ហើយ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ